អបអរសាទរ ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពជ័យលាភីក្នុងពានរង្វាន់នេះ និងដើម្បីជម្រុញសហគ្រិនវ័យក្មេងឱ្យមានភាពរឹងមាំ និងងើបឈរឡើងវិញក្នុងការចូលរួមប្រកួតប្រជែងក្នុងវិស័យនេះទាំងកម្រិតជាតិ និងអន្តរជាតិ។

កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការសហការពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានរៀបចំពិធីប្រគល់ពានរង្វាប់សហគ្រិនសង្គមឆ្នើម ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីប្រគល់ពាន់រង្វាន់សហគ្រិនសង្គមឆ្នើម ឆ្នាំ២០២២ ទៅដល់ ឯកឧត្ដមបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពជ័យលាភីក្នុងពានរង្វាន់នេះ និងដើម្បីជម្រុញសហគ្រិនវ័យក្មេងឱ្យមានភាពរឹងមាំ និងងើបឈរឡើងវិញក្នុងការចូលរួមប្រកួតប្រជែងក្នុងវិស័យនេះទាំងកម្រិតជាតិ និងអន្តរជាតិ។

ជាកិច្ចចាប់ផ្ដើម លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ២០២២ បានថ្លែងនូវសុន្ទរកថាស្វាគមន៍ទៅដល់ ឯកឧត្ដមបណ្ឌិត សុខ ស៊ីផាន់ណា ដែលបានចូលរួមទទួលនូវពានរង្វាន់ដោយផ្ទាល់ ហើយលោកក៏បានគូសបញ្ជាក់ពីស្នាដៃដែលឯកឧត្ដមបណ្ឌិតបានកសាង និងចូលរួមដល់វិស័យសហគ្រិននៅកម្ពុជា។ ឯកឧត្ដមបណ្ឌិតគឺជាធនធាន និងតួអង្គដ៏សំខាន់មួយរូប ក៏ដូចជាបង្អែករបស់សហគមន៍សហគ្រិនវ័យក្មេង ដោយតែងតែផ្ដល់ការណែនាំអំពីចក្ខុវិស័យ និងឱវាតនានាក្នុងការរៀបចំខ្លួនរបស់សហគ្រិនវ័យក្មេងនៅកម្ពុជា ដើម្បីឱ្យក្លាយជាសហគ្រិនជោគជ័យនិងប្រកបដោយចីរភាព។ លើសពីនេះ លោក ស៊ាង សុបញ្ញា បានបន្ថែមថា ឯកឧត្ដមបណ្ឌិត គឺជាថ្នាក់ដឹកនាំឆ្នើមដែលមានភាពច្នៃប្រឌិត ក្នុងការកសាងស្នាដៃធំធេងជាច្រើននូវបទពិសោធន៍ ចំណេះដឹង និងចំណេះធ្វើតាមរយៈការសិក្សាស្រាវជ្រាវ អ្វីដែលសំខាន់នោះគឺបានចូលរួមចំណែកដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយ និងការតាក់តែងច្បាប់សម្រាប់វិស័យធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាផងដែរ។

គួរំលឹកផងដែរថា ឯកឧត្ដមបណ្ឌិត សុខ ស៊ីផាន់ណា នឹងចូលរួមរៀបចំកំណែទម្រង់នយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ដែលក្នុងនោះឯកឧត្ដមបណ្ឌិតមានស្នាដៃយ៉ាងធំធេងក្នុងការចូលរួមតាក់តែងច្បាប់ និងគោលនយោបាយពាណិជ្ជកម្ម ជាពិសេសការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការផ្ដល់តម្លៃលើតម្រូវការម៉ាក្រូ និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការចរចា ដើម្បីធ្វើពាណិជ្ជកម្មជាលក្ខណៈតំបន់និងអន្តរជាតិ និងទាញយកផលប្រយោជន៍រួមសម្រាប់ជាតិ ហើយក៏បានផ្ដួចផ្ដើមនូវវិធីសាស្រ្តធ្វើពាណិជ្ជកម្មទូលាយ (Sector Wide Approach) ជាលើកដំបូងសម្រាប់កម្ពុជាផងដែរ។ ទាំងអស់នេះហើយដែលជាស្នាដៃ និងបទពិសោធន៍ដែលឯកឧត្ដមបណ្ឌិតបានកសាងក្នុងការជួយជម្រុញ និងលើកកម្ពស់ទៅដល់សហគ្រាសនៅកម្ពុជា និងត្រូវបានជ្រើសតាំងជាកិត្តិយសក្នុងការទទួលបាននូវពានរង្វាន់សហគ្រាសសង្គមឆ្នើម ឆ្នាំ២០២២នេះ។

ជាកិច្ចបញ្ចប់ ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា បានថ្លែងនូវសេចក្ដីរំភើបរីករាយ និងចំណាប់អារម្មណ៍នៃការពេញចិត្តចំពោះវត្តមានរបស់ឯកឧត្ដមផ្ទាល់នៅក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើម ឆ្នាំ២០២២។​ ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងផងដែរថា នេះគឺជាកិត្តិយសរបស់ឯកឧត្ដមដែលបានចូលរួមចំណែកយ៉ាងច្រើន និងបានកកើតជាស្នាដៃ និងមេរៀនសម្រាប់យុវជនវ័យក្មេងជំនាន់ក្រោយនៅក្នុងវិស័យមួយនេះ ហើយឯកឧត្ដមនឹងនៅតែបន្តជម្រុញ និងជ្រោមជ្រែងជាបន្តទៅទៀតដើម្បីការអភិវឌ្ឍន៍នៃវិស័យសហគ្រាសកម្ពុជាមានការដើរទៅមុខប្រកបដោយចីរភាព និងបរិយាប័ន្ន។

Share.

Comments are closed.