អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ពីការលើកពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើនៅចុងខែមីនានេះ

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើនៅចុងខែមីនានេះ នឹងត្រូវលើកពេលទៅថ្ងៃខាងមុខវិញ។  ឯកឧត្តម បានគូសបញ្ជាក់ថា ៖ “បច្ចុប្បន្ន ឥណ្ឌូនេស៊ីគឺជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកបានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយត្រូវបានឯកភាពដោយថ្នាក់ដឹកនាំកំពូលអាស៊ាន។ កាលបរិច្ឆេទបានស្នើឡើងសម្រាប់កិច្ចប្រជុំកំពូល ហើយឥណ្ឌូនេស៊ីបានខិតខំអស់ពីសមត្ថភាពក្នុងការសម្របសម្រួលដើម្បីស្វែងរកកាលបរិច្ឆេទមួយដែលអាចទទួលយកបានដោយថ្នាក់ដឹកនាំទាំងអស់ ប៉ុន្តែគួរឱ្យសោកស្តាយ កាលបរិច្ឆេទដែលបានស្នើឡើង គឺមិនសមស្របសម្រាប់ថ្នាក់ដឹកនាំដោយសារភាពជាប់រវល់ច្រើនរបស់ថ្នាក់ដឹកនាំ។ ដោយហេតុនេះហើយ ភាគីទាំងសងខាង អាស៊ាន និងសហរដ្ឋអាមេរិក បានសម្រេចលើកពេលកិច្ចប្រជុំកំពូលនេះ និងបន្តធ្វើការដើម្បីស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងសងខាង”។ ឯកឧត្តម បានបន្ថែមថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន គឺប្រកាន់ភាពបត់បែនទៅលើកាលបរិច្ឆេទដែលបានស្នើឡើង និងបានធ្វើការសម្របសម្រួលជាពិសេសទៅលើរបៀបវារៈនៅក្នុងប្រទេស ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្តែដើម្បីភាពសមស្រប និងលទ្ធភាពចូលរួមរបស់ថ្នាក់ដឹកនាំ កម្ពុជាបានឯកភាពជាមួយប្រទេសសមាជិកអាស៊ានក្នុងការលើកពេលកិច្ចប្រជុំនេះ។

សូមរម្លឹកថា កាលពីពេលថ្មីៗ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានប្រទេសជាសមាជិកអាស៊ានចំនួន ០៣ប្រទេស ដែលមិនអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បាន សម្រាប់កាលបរិច្ឆេទ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមីនា ខាងមុខនេះ៕ 

រដ្ឋមន្រ្តីការបរទេសរុស្ស៉ី-អ៊ុយក្រែន ត្រៀមជួបមុខគ្នាលើកដំបូងនៅតួគី គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង

រដ្ឋមន្រ្តីការទេសរុស្ស៊ីលោក សឺហ្គី ឡារ៉ូវ (Sergey Larov) នឹងចូលរួមវេទិកាការទូតមួយ ដែលរៀបចំឡើងក្នុងទីក្រុង អាន់តាលីយ៉ា (Antalya) នៃប្រទេសតួគី នាថ្ងៃព្រហស្បតិ៍នេះ ហើយលោកនឹងត្រូវជួបជាមួយសមភាគីអ៊ុយក្រែនគឺលោកឌីមីទ្រី គូឡេបា (Dmitry Kuleba) ដែលជំនួបនោះ ក៏នឹងមានវត្តមានរបស់រដ្ឋមន្រ្តីការទេសតួគី លោក ម៉េវលូត ខាវូស៊ុគហ្គ្លូ (Mevlut Cavusoglu) ផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zhakharova) បាននិយាថា លោក ឡារ៉ូវ នឹងថ្លែងសុន្ទកថា ស្តីពីស្ថានភាពបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចជាគោលជំហររបស់រុស្ស៊ី ស្តីពីបញ្ហាតំបន់និងអន្តរជាតិ នាពេលអនាគត ក្នុងសម័យប្រជុំពិសេសនៃវេទិកានេះ។

កិច្ចប្រជុំដែលបានគ្រោងទុករវាងលោកឡារ៉ូវ និង លោក គូឡេបា នឹងក្លាយជាជំនួបរវាងមន្ត្រីជាន់ខ្ពស់លើកដំបូង សម្រាប់ភាគីទាំងពីរ គិតចាប់តាំងពីការបើកប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសរុស្ស៊ី បានប្រតិបត្តិការយោធានៅអ៊ុយក្រែន ភាគីទាំងពីរបានជួបចរចាគ្នារកដំណោះស្រាយ ចំនួនបីលើក នៅប្រទេសបេឡេរុស ដោយកិច្ចចរចាជុំទី៣ ទើបតែត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទសប្តាហ៍នេះ៕

Share.

Comments are closed.