សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាតាមរយៈប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានបានអំពាវនាវ ៤ចំណុច ទៅកាន់នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា ៖ នៅក្នុងជំនួបពិភាក្សាការងារនោះមេដឹកនាំទាំងពីរ បានផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក។

លោកបន្តថា នៅក្នុងជំនួបនេះអ្វីដែលសំខាន់គឺសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមប្រធានអាស៊ាន បានធ្វើការអំពាវនាវចំពោះនាយឧត្ដមសេនីយ៍ មីន អោងឡាំង ដែលមាន៤ចំណុច៖

ទី១ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ខិតខំអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុច ដែលមេដឹកនាំអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១កន្លងទៅនេះរួមទាំងលោកនាយឧត្ដមសេនីយ៍ជាន់ខ្ពស់មីន អោងឡាំង ខ្លួនឯងផងដែរ។

ទី២ ស្នើសុំឲ្យនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង បង្កលក្ខណៈធ្វើយ៉ាងណាឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានអាចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូងនៅពេលខាងមុខ។

ទី៣ អំពាវនាវឲ្យភាគីទាំងអស់រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ាផងដែរ ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះទៅដល់បទឈប់បាញ់។ សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងនាមប្រធានអាស៊ាន បានសម្ដែងនូវការបារម្ភចំពោះអំពើហិង្សាក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់មីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ និង៨មករា ឆ្នាំ២០២២ ហើយស្នើសុំធ្វើយ៉ាងណាឱ្យភាគីទាំងអស់បង្ហាញភាពអត់ធ្មត់ដើម្បីធ្វើយ៉ាងណាឈានទៅដល់បទឈប់បាញ់នេះ​។

ទី៤ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសុំអញ្ជើញ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង មកចូលរួមជាមួយបណ្ដាប្រទេសអាស៊ានក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការបំផុត ដូចអ្វីដែលសម្ដេចធ្លាប់បានលើកជាមួយនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង នៅក្នុងជំនួបថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅរាជធានីណៃពិដោរ ។

សម្ដេចតេជោបានអំពាវនាវក្នុងការជំរុញការងារនេះ ជាពិសេសជាមួយនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ហើយអ្វីដែលចង់បញ្ជាក់នេះគឺសម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំអំពាវនាវនេះធ្វើយ៉ាងណាឱ្យនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង យកចិត្តទុកដាក់លើការអំពាវនាវ ៤ ចំណុចនេះ៕

អត្ថបទ និងរូបថត ៖ AKP

Share.

Comments are closed.