ការពិភាក្សាគ្នារវាងបេសកជននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ជុំវិញការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង

ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា បេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានពិភាក្សាគ្នាកាលពីថ្ងៃចន្ទ អំពីការបាញ់សាកល្បងគ្រាប់មីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង ហើយក៏បានព្រមព្រៀងគ្នារក្សាកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យបានកាន់តែជិតស្និទ្ធ។​

 លោក Noh Kyu-duk អ្នកតំណាងពិសេសសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ បានទទួលការពិគ្រោះយោបល់ជាបន្ទាន់ ជាមួយភាគីសហរដ្ឋអាមេរិក លោក Sung Kim និងភាគីជប៉ុន លោក Takehiro Funakoshi បន្ទាប់ពីកូរ៉េខាងជើងបានបាញ់អ្វីម៉្យាង ដែលសង្ស័យថាជាគ្រាប់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត ដែលជាការបាញ់លើកទីបួនហើយនៅក្នុងឆ្នាំនេះ។

 ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយយកចិត្តទុកដាក់ចំពោះការអនុវត្តបន្ទាប់របស់កូរ៉េខាងជើង ពួកគេបានព្រមព្រៀងគ្នារក្សាកិច្ចសហប្រតិបត្តិការត្រីភាគីឱ្យបានកាន់តែជិតស្និទ្ធសម្រាប់ការគ្រប់គ្រងស្ថេរភាពនៃស្ថានភាពនៅលើឧបទ្វីបកូរ៉េ និងការបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង»។

ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យធុរកិច្ចជួយប្រទេសក្រីក្រក្នុង ‘ម៉ោងដែលត្រូវការ’

យោងតាមគេហទំព័រសារព័ត៌មានCNA អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់មេដឹកនាំធុរកិច្ច ធ្វើការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ “ក្នុងម៉ោងដែលត្រូវការ” ជាមួយនឹងការទទួលបានវ៉ាក់សាំងកូវីដ១៩ ការជួយប្រយុទ្ធប្រឆាំងវិបត្តិអាកាសធាតុ និងកំណែទម្រង់នៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

ក្នុងសេចក្ដីថ្លែងការទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក លោក Guterres បាននិយាយថា “យើងត្រូវការការគាំទ្រ គំនិត ហិរញ្ញវត្ថុ និងសំឡេងនៃសហគមន៍ធុរកិច្ចពិភពលោក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ​ ហើយបានព្រមានថា បើគ្មានសកម្មភាពភ្លាមៗ វិសមភាព និងភាពក្រីក្រនឹងកាន់តែស៊ីជម្រៅ ដែលបង្កឱ្យមានភាពចលាចលក្នុងសង្គម និងអំពើហិង្សាកាន់តែខ្លាំង។    

លោកបាននឹងកំពុងជំរុញឱ្យមានសកម្មភាពជាសកលបន្ថែមទៀត ដើម្បីដោះស្រាយវិសមភាពវ៉ាក់សាំង កូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងសម្រាប់កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល។

ប្រទេសឥណ្ឌាមានឱកាសក្នុងការវិនិយោគ លើវិស័យវត្ថុពាក់កណ្ដាលចម្លង (semiconductors)

យោងតាមគេហទំព័រព័ត៌មាន The Economic Times បានឲ្យដឹងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានថ្លែងសុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា “នេះគឺជាពេលវេលាដ៏ល្អបំផុតក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌា ដែលផ្តល់ឱ្យប្រទេសខ្លួននូវការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី”។

លោក Narendra ក៏បានសាទរចំពោះការជំរុញការចាក់វ៉ាក់សាំង Covid-19 របស់ប្រទេសឥណ្ឌា ហើយបាននិយាយអំពីប្រធានបទដូចជា កំណែទម្រង់សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការទូទាត់តាមឌីជីថល និងការអំពាវនាវឱ្យមានការវិនិយោគនៅក្នុងប្រទេសផងដែរ។

Share.

Comments are closed.