https://www.youtube.com/watch?v=zb5xZ7OCEpA

អគ្គលេខាធិការអាស៊ានគាំទ្រគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២

អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជាទាំងអស់ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គាំទ្រ​ដល់​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធ និងពេញលេញជាមួយប្រធានអាស៊ាន” បន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងអគ្គលេខាធិការអាស៊ាន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកនេះ។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក កៅ គឹមហួន បានគូសបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន រួមមាន វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក សមាជិកភាពទីម័រខាងកើតរបស់អាស៊ាន និងបញ្ហាផ្សេងៗទៀត។

កិច្ចពិភាក្សានេះក៏បានផ្តោតលើការអនុវត្តច្រករបៀងទេសចរណ៍អាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានកាលពីថ្ងៃទី 1 ខែមករាផងដែរ។

ការប្រកាសរួមគ្នានូវការអនុវត្តផែនការសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទ្វេភាគី រវាងចិន និងអ៊ីរ៉ង់

ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian​ និងបានប្រកាសដាក់ចេញនូវការអនុវត្តផែនការសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។​

លោក វ៉ាង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយអ៊ីរ៉ង់ ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានក្នុងការពង្រឹងទំនាក់ទំនង និងសម្របសម្រួលសកម្មភាព ពង្រឹងឥតឈប់ឈរនូវអត្ថន័យនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អ៊ីរ៉ង់ និងបើកសករាជថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីសម្រាប់ ៥០ឆ្នាំខាងមុខ។​

លោក Abdollahian តំណាងប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់គាំទ្រយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនតែមួយ។​ លោកក៏បានវាយតម្លៃខ្ពស់ ហើយនឹងចូលរួមយ៉ាងសកម្ម ក្នុងការកសាងរួមគ្នានូវគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយលោកបាននិយាយបន្ថែមថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន គឺជាសេចក្តីសម្រេចកំពូលរបស់អ៊ីរ៉ង់។​

ភាគីទាំងពីរបានប្រកាសរួមគ្នាអំពីការចាប់ផ្តើមអនុវត្តផែនការសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរយៈពេល ២៥ឆ្នាំ និងធ្វើការពិភាក្សាឱ្យកាន់តែស៊ីជម្រៅ ដែលភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការថែទាំវេជ្ជសាស្រ្ត និងសុខភាព។ ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នេសាទ និងសន្តិសុខសាយប័រ។

Share.

Comments are closed.