ការប្ដេជ្ញាចិត្តរក្សាស្ដង់ដាខ្ពស់របស់សិង្ហបុរី និងជប៉ុន ក្នុងកិច្ចព្រមព្រៀង CPTPP

រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សិង្ហបុរី និងជប៉ុន បានសន្យារក្សាស្តង់ដារខ្ពស់នៃការចូលប្រើប្រាស់ទីផ្សារ និងវិធាននៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កាលពីថ្ងៃទី១២ ខែមករា ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន លោក Hagiuda និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី លោក Gan Kim Yong បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រទេសពួកគេក្នុងការ «កសាងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ដោយសេរី និងយុត្តិធម៌ រួមទាំងដោយការរក្សា» ស្តង់ដារខ្ពស់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ។​

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង CPTPP នេះ គ្របដណ្តប់ទៅលើ ១៣% នៃផលិតផលក្នុងស្រុកសរុបពិភពលោក ហើយមានប្រទេសចូលរួមដូចជាអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិកូ នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។

ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាឌីជីថល រវាងប្រទេសឥណ្ឌូណេស៊ី និងជប៉ុន

យោងតាមក្រសួងព័ត៌មានបានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី និងជប៉ុន ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាពិសេសនៅក្នុងវិស័យយានយន្ត និងបច្ចេកវិទ្យាឌីជីថល។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ឥណ្ឌូណេស៊ី លោក Agus Gumiwang​ បានទាក់ទាញការយកចិត្តទុកដាក់ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចមួយចំនួនរវាងឥណ្ឌូនេស៊ី និងជប៉ុន រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងឥណ្ឌូណេស៊ី-ជប៉ុន (IJEPA) ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃកិច្ចចរចារពិនិត្យទូទៅ នៅក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍឧស្សាហកម្មផលិតកម្មថ្មី (MIDEC) ផងដែរ។

លើសពីនេះទៀត លោក Agus បានកត់សម្គាល់ថា រដ្ឋាភិបាលជប៉ុនបានស្នើឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងបណ្តាប្រទេសនៅអាស៊ី ដែលហៅថាការវិនិយោគអាស៊ីជប៉ុនសម្រាប់ការផ្តួចផ្តើមអនាគត (AJIF) ដែលបច្ចុប្បន្ន ប្រទេសជប៉ុនកំពុងជំរុញនូវសំណើ AJIF ដល់បណ្តាប្រទេសជាសមាជិកអាស៊ានសម្រាប់ការគាំទ្រ។

ការមិនពេញចិត្តរបស់ជប៉ុន ជុំវិញការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ជប៉ុន លោក Nobuo Kishi បាននិយាយថា ទីក្រុងតូក្យូបានសម្តែងការតវ៉ាទៅកាន់ទីក្រុងព្យុងយ៉ាង តាមរយៈបណ្តាញការទូតជុំវិញការបាញ់គ្រាប់មីស៊ីលកាលពីថ្ងៃទី១១ ខែមករា។

ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីរបស់ជប៉ុន លោក Hirokazu Matsuno បានទទួលស្គាល់អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងកម្រិតនៃបច្ចេកវិទ្យាគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលនេះតម្រូវឱ្យមានវិធានការបន្ថែម ដើម្បីពង្រឹងកិច្ចការពាររបស់ប្រទេសជប៉ុន។​

របាយការណ៍របស់ KCNA បានសង្កត់ធ្ងន់ថា គោលបំណងនៃការធ្វើតេស្តបាញ់សាកល្បងនេះ គឺដើម្បីផ្ទៀងផ្ទាត់ប៉ារ៉ាម៉ែត្របច្ចេកទេសនៃអាវុធលឿនជាងសំឡេងដែលទើបបង្កើតថ្មី។ យោងតាមយោធាជប៉ុន និងកូរ៉េខាងត្បូងបានឱ្យដឹងថា គ្រាប់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងត្រូវបានបាញ់ទម្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននៅសមុទ្រជប៉ុន​។​

Share.

Comments are closed.