កណ្តុរហិតមីនដ៏ល្បីល្បាញឈ្មោះ ម៉ាហ្គាវ៉ា (Magawa) បានទទួលមរណភាពដោយវ័យជរារបស់ខ្លួន កាលពីចុងសប្តាហ៍មុននេះ នៅអាយុ ០៨ឆ្នាំ នេះបើតាមការប្រកាសរបស់អង្គការ APOPO និងជាអង្គការមិនរកប្រាក់ចំណេញ ដែលបានបណ្តុះបណ្តាលសត្វកណ្ដុរយក្សនៅអាហ្វ្រិក ដើម្បីឱ្យជួយសង្គ្រោះជីវិតដោយការហិតរកគ្រាប់មីន។សេចក្តីប្រកាសរបស់អង្គការ APOPO បានបញ្ជាក់បន្ថែមថា កណ្តុះហិតមីន ម៉ាហ្គាវ៉ាមានសុខភាពល្អជាធម្មតាកាលពីសប្តាហ៍កន្លងទៅ ប៉ុន្តែនៅចុងសប្តាហ៍ កណ្តុរម៉ាហ្គាវ៉ា ចាប់ផ្តើមដេកច្រើន និងមិនសូវស៊ីចំណីនោះទេ ហើយបានទទួលមរណភាព ដោយជរាភាពរបស់ខ្លួន។សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ អង្គការ APOPO បានដាក់ឱ្យចូលនិវត្តន៍កណ្តុរហិតមីនចំនួន ០៥ក្បាល ដែលក្នុងនោះគឺមានកណ្តុរម៉ាហ្គាវ៉ា មួយផងដែរ ហើយ ម៉ាហ្គាវ៉ានេះ គឺជាកណ្តុរដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញពាសពេញពិភពលោក ពាក់ព័ន្ធនឹងប្រតិបត្តិការហិតរកគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អស់រយៈពេល ០៥ឆ្នាំមកនេះ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងបេសកម្មនៅកម្ពុជា កណ្តុរម៉ាហ្គាវ៉ា បានហិតដីដែលមានការសង្ស័យមានគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានជាង ១៤១ ០០០ ម៉ែត្រក្រឡា ដែលស្មើនឹងផ្ទៃដីតារាងបាល់ទាត់ចំនួន ២០ដង ក្នុងនោះ ម៉ាហ្គាវ៉ា បានហិតរកគ្រាប់មីនបានចំនួន ៧១គ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៣៨មុខទៀត។ សូមរម្លឹកផងដែរថា កាលពីចុងខែសីហា ឆ្នាំ២០២០ កណ្តុរម៉ាហ្គាវ៉ា បានឈ្នះពានរង្វាន់ជនស៊ីវិលកំពូលរបស់ចក្រភពអង់គ្លេស ជាលើកទី០១ សម្រាប់ភាពក្លាហានរបស់សត្វ ដែលជាកិត្តិយសមួយដែលត្រូវបានបម្រុងទុកសម្រាប់តែសត្វសុនខ។ម៉ាហ្គាវ៉ាគឺជាប្រភេទកណ្តុរយក្សអាហ្រ្វិក ដែលទទួលបានការបណ្តុះបណ្តាល និងត្រួតពិនិត្យដោយអង្គការ APOPO ហើយនៅឆ្នាំ២០១៦ ម៉ាហ្គាវ៉ា ត្រូវបានបញ្ជូនមកខេត្តសៀមរាប ដើម្បីបំពេញបេសកកម្មហិតរកគ្រាប់មីន៕
ដោយ ផែន រតនៈ
ប្រភព៖ AKP News