ការផ្ដួចផ្ដើមគំនិតរបស់ជប៉ុន ក្នុងការវិនិយោគនៅអាស៊ាន

យោងតាមក្រសួងព័ត៌មានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន លោក Hagiuda Koichi បានបង្ហាញគំនិតផ្តួចផ្តើមទាក់ទងនឹងការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលផ្តោតសំខាន់ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់ទំនាក់ទំនង ការច្នៃប្រឌិតឌីជីថល និងធនធានមនុស្ស។​

         ទាក់ទងនឹងការវិនិយោគក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ លោក Hagiuda បាននិយាយថា ការបង្កើនសមត្ថភាពរបស់អាស៊ាន គឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការបង្កើនភាពទាក់ទាញ​។​​

         ប្រទេសជប៉ុនបានចំណាយថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីគាំទ្រការវិនិយោគទុនរបស់ក្រុមហ៊ុនចំនួន ៩២ ដែលមានជំរុញលើការវិនិយោគមួយចំនួនរួមមាន ការវិនិយោគក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ឌីជីថល, ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង-ដែលរួមចំណែកដល់ការធ្វើឌីជីថលវូបនីយកម្មនៃនីតិវិធីពាណិជ្ជកម្ម, និងរួមចំណែកក្នុងវិស័យឧស្សាហកម្មថ្មី និងការច្នៃប្រឌិតឌីជីថលដែលទាក់ទងនឹងការកសាងសង្គមប្រកបដោយចីរភាពផងដែរ។

         គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ លានដុល្លារអាមេរិក ដល់គម្រោងថ្មីចំនួន ៤០ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីគាំទ្រដល់សម្ព័ន្ធភាពរបស់បណ្តាក្រុមហ៊ុនរបស់ជប៉ុន និងក្រុមហ៊ុនរបស់អាស៊ានដែលផ្តល់ដំណោះស្រាយចំពោះបញ្ហាសង្គមក្នុងតំបន់។

ការពិភាក្សាពីកង្វល់បញ្ហាតំបន់ និងផលប្រយោជន៍រួមរវាងកម្ពុជា និងឥណ្ឌា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា បានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា និងបញ្ហាតំបន់ដែលជាកង្វល់ និងផលប្រយោជន៍រួម។

         រដ្ឋមន្រ្តីការបរទេសទាំងពីរ បានប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងសម្រាប់សន្ដិភាព ស្ថិរភាព និងវិបុរលភាពនៅក្នុងតំបន់ ជាពិសេសនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។          ឯកឧត្តម ប្រាក់ សុខុន ក៏បានសម្ដែងអំណរគុណចំពោះឥណ្ឌា ក្នុងការរួមចំណែកយ៉ាងសកម្មដល់តំបន់មេគង្គ និង​ជំនួយដែលបានផ្ដល់ឲ្យកម្ពុជាតាមរយៈគម្រោងទទួលផលឆាប់រហ័ស ក្រោមគំនិតផ្ដួចផ្ដើម នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល អភិវឌ្ឍន៍ជនបទ អប់រំ និងវប្បធម៌ផងដែរ។

CSTO នឹងដកកងកម្លាំងរបស់ខ្លួន ចេញពីប្រទេសកាហ្សាក់ស្ថាន នាពេលខាងមុខ

       ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev បាននិយាយថា ការដកកងរក្សាសន្តិភាព CSTO ចេញពីប្រទេសកាហ្សាក់ស្ថាន នឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។​

លោក Tokayev បាននិយាយទៅកាន់សភាជាន់ទាប កាលពីថ្ងៃអង្គារថា ដំណាក់កាលស្រួចស្រាវនៃប្រតិបត្តិការប្រឆាំងភេរវកម្មបានចប់សព្វគ្រប់ ហើយស្ថានការណ៍មានស្ថេរភាពនៅគ្រប់តំបន់។ ដូច្នេះ បេសកកម្មចម្បងរបស់កងកម្លាំងរក្សាសន្តិភាព CSTO ត្រូវបានបញ្ចប់ដោយជោគជ័យ។ ការដកខ្លួនចេញជាបណ្តើរៗនៃកងកម្លាំងរក្សាសន្តិភាព CSTO នឹងចាប់ផ្តើមក្នុងរយៈពេលពីរថ្ងៃខាងមុខ។ ដំណើរការនៃការដកកងកម្លាំងនោះនឹងចំណាយពេលមិនលើសពី ១០ថ្ងៃឡើយ។​

លោក Tokayev បានកត់សម្គាល់ថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅកាហ្សាក់ស្ថានបានបរាជ័យ ដែលពួកគេបានការពារទីក្រុង Almaty និងមជ្ឈមណ្ឌលក្នុងតំបន់ផ្សេងៗទៀត ហើយតំបន់ទាំងនោះនឹងត្រូវបានស្ដារឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ​

Share.

Comments are closed.