https://www.youtube.com/watch?v=o3HWJfNdjR4

ការពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់ សម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម

យោងតាមក្រសួងព័ត៌មានបានឲ្យដឹងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដែលមានរបៀបវារៈចំនួនបី ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

សេចក្ដីព្រាងច្បាប់ ដែលរដ្ឋសភាបានលើកយកមកពិភាក្សា​ និងអនុម័តមានដូចខាងក្រោម៖

១.​​ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម

២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួមចំណែកក្នុងការបន្តកំណែទម្រង់ របស់រាជរដ្ឋាភិបាលក្នុងការស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ និងដើម្បីលើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា ។

ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាបទដ្ឋានគតិយុត្តទ្វេភាគី ក្នុងការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។ សេចក្តីព្រាងច្បាប់នេះនឹងជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខុមាលភាពប្រជាជន និងការផ្សាភ្ជាប់ធុរកិច្ច នៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ព្រមទាំងអាចបង្កើតការងារថ្មីៗជូនប្រជាជនទៀតផង។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា

នៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។  

នៅក្នុងឱកាសនោះ ឯកឧត្តម Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀត។ ចំណែកវិស័យការពារជាតិ ឯកឧត្តម បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹក មកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។ ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួន ហើយក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យ ក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។ ជាមួយគ្នានោះផងដែរ ឯកឧត្តម Masahiro Mikami ក៏បានលើកការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុ ឲ្យទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន  សែន  បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជានារយៈពេលកន្លងមក ជាពិសេសថ្មីៗនេះដែលបានជួយលើការផ្ដល់វ៉ាក់សាំងកូវីដ១៩ និងជំនួយដទៃទៀតជាបរិក្ខាផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំង ការផ្ដល់ជារថយន្ត សម្ភារៈ កិច្ចសហប្រតិបត្តិការក៏ដូចជាការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យនៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ ៕

វៀតណាមផ្តល់សច្ចាប័នបើកជើងហោះហើរលើផ្លូវអន្តរជាតិចំនួន៥ឡើងវិញ

រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម បាននិយាយថា ជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមឡើងវិញនៅខែក្រោយ ទៅកាន់ប្រទេសកម្ពុជា ជប៉ុន តៃវ៉ាន់ សិង្ហបុរី និងសហរដ្ឋអាមេរិក។

លើសពីនេះទៅទៀត រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម បាននិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអាជ្ញាធរអាកាសចរណ៍ក្នុងទិសដៅទាំងប្រាំ ដើម្បីអនុវត្តផែនការដែលបានអនុម័តដោយរដ្ឋាភិបាលកាលពីដើមខែនេះ ដើម្បីបន្តជើងហោះហើរអន្តរជាតិធម្មតាឡើងវិញ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវបានអនុញ្ញាតឱ្យហោះហើរចំនួនបួនជើងក្នុងមួយសប្តាហ៍មកកាន់ប្រទេសកម្ពុជា។ ដោយឡែកអាជ្ញាធរបាននិយាយថា ជើងហោះហើរពីប្រទេសជប៉ុនមិនអាចចាប់ផ្តើមនៅដើមថ្ងៃទី១ ខែមករាបានទេ ដោយសារភ្នាក់ងារជប៉ុននឹងឈប់សម្រាកថ្ងៃចូលឆ្នាំថ្មី ហើយអ្នកដំណើរមិនអាចត្រូវបានធ្វើតេស្តដោយយោងទៅតាមបទប្បញ្ញត្តិ។ រីឯតៃវ៉ាន់ក៏បានឯកភាពជាមួយផែនការចាប់ផ្តើមជើងហោះហើរឡើងវិញដែរ ប៉ុន្តែបានស្នើឱ្យបង្កើនចំនួនជើងហោះហើរលើផ្លូវនីមួយៗក្នុងទិសដៅនីមួយៗ ឱ្យបានយ៉ាងហោចណាស់ប្រាំដងក្នុងមួយសប្តាហ៍ ជំនួសឱ្យប្រទេសវៀតណាមចំនួនបួនដែលបានគ្រោងទុក។ សម្រាប់សិង្ហបុរីវិញ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងដំណើរការជើងហោះហើរពីរដងក្នុងមួយសប្តាហ៍។

រដ្ឋាភិបាលបានអនុម័តផែនការអនុញ្ញាតឱ្យចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី១ ខែមករាសម្រាប់គោលដៅចំនួន ៩។ ទោះយ៉ាងណាក៏ដោយ កូរ៉េខាងត្បូង ឡាវ និងចិន មិនទាន់បានចែករំលែកផែនការរបស់ពួកគេនៅឡើយទេ ហើយប្រទេសថៃបានស្នើឱ្យមានការពិភាក្សាន្ថែមទៀត។

Share.

Comments are closed.