កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមឡើងវិញ

នៅរាត្រី ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ នាឱកាសអញ្ជើញទទួលជំនួយវ៉ាក់សាំង Pfizer ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន ៧៨៣,០០០ ដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីជាមានវត្តមាននៃវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ក៏ដោយក៏កម្ពុជានៅតែប្ដេជ្ញាចិត្តបន្តដំណើរការឡើងវិញទាំងស្រុង នូវសកម្មភាពសេដ្ឋកិច្ច-សង្គមរបស់ខ្លួនដ៏ដែល។ កម្ពុជាបានប្រកាសជាផ្លូវការនូវការដាក់ឱ្យដំណើរការឡើងវិញ នូវរាល់សកម្មភាពសេដ្ឋកិច្ច-សង្គម ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ និងកំពុងតែបន្តយុទ្ធនាការនៃការដាក់ឱ្យដំណើរការឡើងវិញនេះ ដោយផ្អែកទៅលើគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល។ ក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើដល់ជនរួមជាតិថាកុំឱ្យមានការភិតភ័យ និងបន្តប្រកាន់ខ្ជាប់នូវបទដ្ឋានសុវត្ថិភាពសុខភាព ជាពិសេសវិធាន៣កុំ ៣ការពារ និងវិធានការសុខាភិបាលនានាដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។

រដ្ឋសភាបន្តសម័យប្រជុំនៅព្រឹកថ្ងៃ២៩ខែធ្នូខាងមុខ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដោយនៅក្នុងនោះអង្គប្រជុំបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម

២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ៕

អង្គការសហប្រជាជាតិបានរៃអង្គាសថវិកា ដើម្បីជួយដល់ប្រជាជនដែលរងគ្រោះដោយព្យុះទីហ្វុងក្នុងប្រទេសហ្វីលីពីន

កាលពីថ្ងៃទី២៤ ខែធ្នូ អង្គការសហប្រជាជាតិ (UN) បានរៃអង្គាសថវិកាបានចំនួន ១០៧,២លានដុល្លារអាមេរិក នៅក្នុងយុទ្ធនាការមួយ ដើម្បីជួយដល់ប្រជាជនដែលរួចផុតពីព្យុះទីហ្វុងរ៉ៃ ដែលបានវាយប្រហារប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។

ទឹកប្រាក់នេះនឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនចំនួន ៥៣ម៉ឺននាក់ ដែលខ្វះខាតស្បៀងអាហារ ទឹកស្អាត និងបង្គន់អនាម័យ និងតង់បណ្តោះអាសន្ននៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ។​

ប្រទេសហ្វីលីពីនត្រូវបានរងការបោកបក់ពីកម្លាំងខ្យល់រហូតដល់ ១៩៥គីឡូម៉ែតក្នុងមួយម៉ោង​ កាលពីថ្ងៃទី១៦ ខែធ្នូ បានក្លាយជាព្យុះដ៏ខ្លាំងបំផុត ដែលវាយប្រហារប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

Share.

Comments are closed.