កីឡាករជម្រើសជាតិ ម៉េង សេរីសម្បត្តិ បានគ្រងដំណែងជើងឯក កីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បន្ទាប់ពីម្ចាស់ជ័យលាភីរូបនេះបង្ហាញភាពខ្លាំង ដោយបានទម្លាក់អ្នកមានថ្វីដៃខ្លាំងៗជាច្រើននាក់រហូតដល់ឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កីឡាករអុកចត្រង្គ ម៉េង សេរីសម្បត្តិ គឺជាកំពូលអ្នកខ្លាំងប្រចាំឆ្នាំ២០២១ ដែលកើតចេញពីក្នុងចំណោមអ្នកចូលរួមប្រកួតប្រជែងសរុប ៦៦នាក់ មកពី១៦ក្លិប។ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ កីឡាករជ័យលាភីរូបនេះ ស្ថិតនៅក្នុងពូលខ្លាំងមួយជាមួយកីឡាករជាច្រើនរូប ក្នុងនោះមានកីឡាករការពារដំណែងជើងឯកឆ្នាំ២០២០ សុខ លឹមហេង ផងដែរ។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សេរីសម្បត្តិ បានយកឈ្នះសមាជិកជម្រើសជាតិ នូវ ច័ន្ទផានិត ហើយបានឡើងវគ្គផ្តាច់ព្រ័ត្រ ក៏បានយកឈ្នះមួយប្រកួតចុងក្រោយជាមួយកីឡាករ ជា ស៊ីដេត ដើម្បីក្លាយជាម្ចាស់ជើងឯក ខណៈ ជា ស៊ីដេត ដណ្តើមបានត្រឹមជើងឯករង និងកីឡាករ ឈាវ បូរ៉ា ដែលអតីតស្តេចអុក និងជាអ្នកខ្លាំងជាច្រើនជំនាន់ ដណ្តើមបានចំណាត់ថ្នាក់លេខ៣។

ប្រភព៖ AKP News

Share.

Comments are closed.