សន្ទរកថា ទាំងស្រុង របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់
ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ពោធិ៍សាត់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១
សូមគោរព
– ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់
– ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់
– ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
– ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស តំណាងមកពីស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងវិស័យឯកជន
– លោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តពោធិ៍សាត់ ជាទីនឹករលឹក ស្រឡាញ់រាប់អាន!
• ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយក្រៃលែង ដោយបានដឹកនាំប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មកបំពេញបេសកកម្មជាថ្មីម្តងទៀតនៅខេត្ត ពោធិ៍សាត់ ដើម្បីធ្វើជាអធិបតី ក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ដ៏ថ្មីសន្លាងនៅចំពោះមុខយើងនេះ។
• ខ្ញុំសូមអរគុណជាពន្លឹកចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ សមាជិក សមាជិកាអង្គពិធីទាំងអស់ ដែលបានឆ្លៀតពេលអញ្ជើញចូលរួមក្នុងកម្មវិធីនារសៀលនេះ បង្កើតទៅជាបរិយាកាស អធិកអធម និងស្និទ្ធស្នាលកក់ក្តៅក្រៃលែង។
• អនុញ្ញាតឱ្យខ្ញុំសូមអភ័យទោស ចំពោះការខកខានចុះបំពេញបេសកកម្មតាមខេត្តអស់រយៈពេលយូរខែ មកហើយ ដោយសារស្ថានការណ៍នៃជំងឺឆ្លងសកលកូវីដ-១៩នារយៈកាលកន្លងទៅ មិនអនុគ្រោះដល់ ការធ្វើដំណើរ ឬការជួបជុំធំដុំណាមួយនោះ។ ម៉្យាងទៀត យើងទាំងអស់គ្នាក៏ជាប់ដៃមមាញឹកក្នុងការ ចូលរួមអនុវត្តវិធានការដ៏ហ្មត់ចត់ និងប្រុងប្រយ័ត្នខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារសុខសុវត្ថិភាព សុខភាពសាធារណៈ និងប្រជាពលរដ្ឋយើង។
• ឥឡូវនេះ ដោយសារតែមានការដឹកនាំបញ្ជាជាប់ជាប្រចាំទាំងយប់ទាំងថ្ងៃប្រកបដោយភាពដ៏ឈ្លាសវៃ ចក្ខុវិស័យមុតស្រួច និងម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រទេសជាតិរបស់យើងអាចដោះស្រាយបានវិបត្តិកូវីដ-១៩ បានមួយកម្រិតធំ និងលឿនជាងបណ្តាប្រទេសមួយចំនួនលើសកលលោក ក៏ដូចជាក្នុងតំបន់, ហើយនេះ ជាលទ្ធភាពក្នុងការផ្តល់ឱកាសយ៉ាងល្អឱ្យកម្ពុជា អាចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ទាំងអស់។ ការណ៍នេះ គឺជាគុណបំណាច់ដ៏ធំធេង និងមានតម្លៃឥតគណនារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការការពារអាយុជីវិត និងគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើង ហើយ បានទ្រោលស្ថានភាពជីវភាពសេដ្ឋកិច្ច សង្គមជាតិ ឱ្យនៅតែរក្សាបានលំនឹង ស្ថិរភាព ព្រមទាំងផ្តល់ កាលានុវត្តន៍ភាពសម្រាប់ការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩។
• គិតចាប់ពីពេលបើកប្រទេសឡើងវិញ ខេត្តពោធិ៍សាត់ជាខេត្តដំបូងគេដែលខ្ញុំព្រះករុណាខ្ញុះបានចុះមក បំពេញបេសកកម្ម និងចូលរួមក្នុងពិធីផ្លូវការ។ ខ្ញុំពិតជាមានមោទនភាពណាស់ដោយបានមកឃើញ ផ្ទាល់ នូវការរីកចម្រើន ប្រែប្រួលមុខមាត់ថ្មីរបស់ខេត្ត ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
• ក្នុងឱកាសនៃការជួបជុំក្នុងអង្គពិធីនាពេលនេះ ខ្ញុំព្រះករុណាខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និង បណ្តាអង្គភាពគ្រប់លំដាប់ថ្នាក់, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា ការពារ សុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ រក្សាការពារបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ពិសេសបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបញ្ជៀសបានគ្រោះថ្នាក់ធ្ងន់ធ្ងរពីជំងឺដ៏កាចសាហាវនេះ។
• ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត រួមទាំងកិច្ចសហការពួតដៃគ្នាជាធ្លុងសាមគ្គីឯកភាពគ្នារវាងមន្ទីរ អង្គភាពជំនាញ, រដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់, កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៃខេត្តពោធិ៍សាត់ទាំងមូល បង្កើតបានជាកម្លាំងសរុបដ៏មានប្រសិទ្ធភាព សម្រេចបាន នូវសមិទ្ធផលលើគ្រប់វិស័យទូទាំងខេត្ត និងបានខិតខំដោះស្រាយបញ្ហានានាឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ តាមរយៈវេទិកាសាធារណៈ និងការផ្តល់សេវារដ្ឋបាលនានា ដែលត្រូវបានកែទម្រង់ ជាបន្តបន្ទាប់ និងរំកិលកាន់តែកៀកជិតទៅដល់ថ្នាក់មូលដ្ឋានឃុំ សង្កាត់ និង ស្រុក ក្រុង។ សមិទ្ធផល ទាំងនេះ ក៏បានផ្សារភ្ជាប់ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្ត ពោធិ៍សាត់ផងដែរ។
• ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងនូវការអបអរ និងកោតសរសើរចំពោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ពោធិ៍សាត់ និងជាអតីតអភិបាលខេត្តកំពត ដែលបានផ្ទេរមកកាន់តំណែងនៅទីនេះ ហើយដែលឯកឧត្តម ក៏ជាអភិបាលខេត្តមួយរូបធ្លាប់មានស្នាដៃជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញ ការអភិវឌ្ឍនៅខេត្តកំពត និងធ្លាប់បានប្រឡូកការងារមួយអាណត្តិជាមួយរូបខ្ញុំ ក្នុងនាមជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។ ខ្ញុំមានជំនឿថា ឯកឧត្តមនឹងបន្តដឹកនាំ ខិតខំអភិវឌ្ឍន៍ ខេត្តយើងនៅទីនេះ បានរីកចម្រើនជឿនលឿនថែមទៀត ឆ្លើយតបទៅនឹងការជឿទុកចិត្តពីសំណាក់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយើង។
– ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូលជាទីមេត្រី!
• បច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មិនមែនគ្រាន់តែជាតំបន់កសិកម្ម និងនេសាទដូចកាលពីអតីតកាលនោះទេ, ប៉ុន្តែខេត្តរបស់យើង បានក្លាយទៅជាច្រកសំខាន់មួយនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង ហើយក៏ជាខេត្តមានសក្តានុពលខាងឧស្សាហកម្ម និងកសិ-ឧស្សាហកម្មផងដែរ។ តាមរយៈគម្រោង របស់រាជរដ្ឋាភិបាល, ខេត្តនេះនឹងភ្ជាប់ការដឹកជញ្ជូនផលិតផលទំនិញ និងការបង្កើតលំហូរទេសចរណ៍ ជាមួយខេត្តបាត់ដំបង កោះកុង និងព្រំដែនថៃ និងតភ្ជាប់ជាមួយខេត្តព្រះសីហនុដែលមានកំពង់ផែ ទឹកជ្រៅផងដែរ។ ដូច្នេះខ្ញុំយល់ថា ខេត្តអាចទាញយកអត្ថប្រយោជន៍នេះ ដើម្បីពង្រីកសក្តានុពល សេដ្ឋកិច្ចក្នុងខេត្តដែលមានស្រាប់ មានដូចជាដំណាំកសិ-ឧស្សាហកម្ម៖ ដំឡូងមី ស្វាយកែវរមៀត, ស្វាយចន្ទីរ, ពោត, អំពៅ, សណ្តែកសៀង និងកៅស៊ូ។ល។ បន្ថែមលើផលិតផលស្រូវ និងជលផល។
• រាជរដ្ឋាភិបាលបាន និងកំពុងបើកច្រកទីផ្សារដ៏ធំក្នុងការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន ដែលនេះក៏ជាឱកាសល្អមួយសម្រាប់ខេត្តយើង ហើយនឹងត្រៀមបើកចំហទីផ្សារជាមួយសាធារណរដ្ឋ កូរ៉េនៅពេលខាងមុខ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ។ ហេតុដូច្នេះ ការពង្រឹង ផលិតផលក្នុងស្រុករបស់ខេត្តសម្រាប់បម្រើឱ្យការនាំចេញគឺជាការចាំបាច់ និងចំសភាពការណ៍។
• ជាមួយគ្នានេះ ខ្ញុំស្នើដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងគ្រប់អង្គភាពពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការបម្រើសេវាសាធារណៈឱ្យកាន់តែល្អ កាន់តែមានភាព ទាក់ទាញដល់អ្នកវិនិយោគ និងធុរជនក្នុងនិងក្រៅប្រទេស ស្របពេលដែលច្បាប់ស្តីពីវិនិយោគ (ជា ច្បាប់ថ្មី ជំនួសឱ្យច្បាប់ចាស់) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមរួចហើយ និងស្របពេលដែល រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ផែនការស្តារ សេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩សម្រាប់ឆ្នាំ២០២១-២០២៣ គឺដើម្បីប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាព តាមរយៈការកែទម្រង់កាន់តែស៊ីជម្រៅ សំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម កាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេលអនាគត។
• កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចដាក់ឱ្យប្រើប្រាស់នូវ យុទ្ធសាស្រ្តស្តីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ដែលមាន គោលបំណងគ្រប់គ្រងហានិភ័យក្នុងសុខភាពសាធារណៈឱ្យនៅទាបបំផុត ជាពិសេសការធ្លាក់ខ្លួនឈឺ ធ្ងន់ធ្ងរ និងការបាត់បង់ជីវិត ខណៈដែលសកម្មភាពសង្គម-សេដ្ឋកិច្ចនៅក្នុងប្រទេសគ្រប់ផ្នែក គ្រប់វិស័យ ត្រូវបានចាប់ផ្ដើមបើកដំណើរការពេញលេញឡើងវិញជាបណ្ដើរៗ។
• ខ្ញុំចង់បញ្ជាក់បន្ថែមថា ដើម្បីសម្រេចបានគោលបំណងនេះ យុទ្ធសាស្ដ្របានកំណត់នូវគោលដៅចំនួន៣ រួមមាន៖
ទី១. ការពារអាយុជីវិត និងការពារសុវត្ថិភាពក្នុងការរស់នៅ និងក្នុងការចូលរួមរបស់ប្រជាពលរដ្ឋ គ្រប់រូបនៅក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច
ទី២. ពង្រឹងសមត្ថភាពស្នូលនៃប្រព័ន្ធសុខាភិបាល ដើម្បីបង្ការ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺ កូវីដ-១៩ផង និងផ្ដល់សេវាសុខាភិបាលជាសារវ័ន្ដជាប្រចាំផង
ទី៣. រក្សាកិច្ចដំណើរការឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ប្រកបដោយសុវត្ថិភាព និងនិរន្ដរភាព។
ហេតុដូច្នេះ យើងទាំងអស់គ្នាត្រូវរួមសហការគ្នា ខិតខំអនុវត្តយុទ្ធសាស្ត្រនេះ ឱ្យសម្រេចបាន លទ្ធផលល្អ ដែលនឹងនាំមកនូវអត្ថប្រយោជន៍ដ៏មានតម្លៃសម្រាប់ជាតិ និងប្រជាពលរដ្ឋយើង។
– គណៈអធិបតី ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គពិធី!
• ពាក់ព័ន្ធនឹងការងាររបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ ខ្ញុំ មានការសប្បាយរីករាយ ដោយបានឃើញសមិទ្ធផលសំខាន់ថ្មីពីរទៀតកើតឡើងនៅទីនេះ គឺ(ទី១) អគាររដ្ឋបាលរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ បានកើត ជារូបរាងឡើងថ្មីសន្លាង ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចដែលយើងកំពុងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ និង(ទី២)ការបើក ការដ្ឋានគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅទីរួមខេត្តពោធិ៍សាត់ ដែលត្រូវប្រើប្រាស់ ទឹកប្រាក់ប្រមាណ ២២លានដុល្លាអាមេរិក ជាមួយនឹងសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ៦.៦០០ម៉ែត្រគូប/ថ្ងៃ រួមទាំងបណ្តាញទុយោចែកចាយជិត៨០គីឡូម៉ែត្រ, ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាល ជប៉ុន និងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ដែលរូបខ្ញុំ រួមជាមួយឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបាន ចូលរួមប្រកាសបើកដំណើរការជាផ្លូវការព្រឹកមិញនេះ។
• ក្នុងនាមថ្នាក់ដឹកនាំក្រសួង ខ្ញុំសូមថ្លែងនូវការអរគុណចំពោះរដ្ឋបាលខេត្ត ក្រសួង ស្ថាប័ន និងអង្គភាព ជំនាញពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលឱ្យគម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ បានសម្រេច តាមផែនការ។ លទ្ធផលនេះ ក៏ជាផ្នែកមួយរួមចំណែកលើកកម្ពស់មុខមាត់របស់ខេត្ត និងមានលក្ខណៈ សមស្របទៅនឹងរបត់ថ្មីដែលមន្ទីរទាំង២៥រាជធានី ខេត្ត ត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ខ្លួន ដោយ ក្នុងនោះ មានបន្ថែមនូវការិយាល័យទទួលបន្ទុកការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អគារ ធ្វើការថ្មីនេះ ក៏ជាការលើកទឹកចិត្តដល់មន្រ្តីរាជការក្រោមឱវាទឱ្យមានកន្លែងធ្វើការសមរម្យ និងឆ្លើយតប ទៅនឹងបញ្ហាខ្វះខាតកន្លែងធ្វើការ ជាពិសេសការចូលរួមបំពេញនូវសេចក្តីត្រូវការការងាររបស់ក្រសួង ក៏ដូចជាមន្ទីរ ដែលកំពុងមាននិន្នាការ និងទិសដៅការងារកាន់តែរីកចម្រើន ក្នុងបរិបទឧស្សាហកម្ម ជំនាន់ទី៤។
• ជាការពិត តាមរយៈការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា, ក្រៅពីអគាររដ្ឋបាលថ្មីរបស់ខេត្តពោធិ៍សាត់ យើងនេះ, ក្រសួងបានសាងសង់អគាររដ្ឋបាលថ្មីជូនដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ចំនួន៦ទៀត នៅក្នុងកញ្ចប់ថវិការួមជាមួយគ្នា ក្នុងនោះមាន រាជធានីភ្នំពេញ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង ព្រៃវែង។ ជាមួយនឹងការច្នៃប្រឌិតសន្សំសំចៃកញ្ចប់ថវិកា, ក្រសួង មានលទ្ធភាពទិញផ្តល់ជូនគ្រប់មន្ទីរទាំង២៥រួចហើយនូវមធ្យោបាយចុះបំពេញការងារ ជារថយន្តថ្មី ប្រភេទភិកអាប់ (Pickup) ២បាំងផងដែរ។
• ប៉ុន្តែ បញ្ហាដែលជាកង្វល់ធំជាងគេ គឺបញ្ហាកង្វះធនធានមនុស្សដែលត្រូវចូលរួមជំរុញការអនុវត្តការសិក្សា ស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យថ្មីសុទ្ធសាធសម្រាប់ថ្នាក់មន្ទីរ។
• ក្រៅពីអគារធ្វើការថ្មី, អ្វីដែលក្រសួងចង់ឃើញ ចង់បាន គឺប្រសិទ្ធភាពការងារ និងការបម្រើសេវា សាធារណៈឱ្យកាន់តែល្អប្រសើរ ឱ្យកាន់តែទទួលបានការគាំទ្រ និងជំនឿពីសាធារណជន។
• ទាក់ទិននឹងបញ្ហាអគារនេះ ខ្ញុំសូមរំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ចំណុច៖
១) មានអគារលំបាកទៅហើយ តែការថែទាំអគារ ដើម្បីប្រើប្រាស់បានយូរអង្វែងក៏លំបាកដែរ។
២) បានកន្លែងធ្វើការល្អហើយ តែវានឹងកាន់តែល្អថែមទៀត បើធ្វើការងារកាន់តែមានប្រសិទ្ធភាព។
៣) សន្សំសំចៃភ្លើង និងទឹក។
• ហេតុដូចនេះ ជាការចាំបាច់ដែលមន្ទីរត្រូវកែប្រែ និងពង្រឹងរបៀបរបបធ្វើការ ការងារធនធានមនុស្ស ឱ្យស្របទៅនឹងរបត់នៃកំណែទម្រង់ការងារ និងរចនាសម្ព័ន្ធថ្មីរបស់ក្រសួងនិងរបស់មន្ទីរ ដែលត្រូវបាន កំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តរួចហើយ។ ជាពិសេសច្បាមឱ្យជាប់នូវវិស័យចម្បងទាំង៦ដែលច្បាប់ ស្តីពីការបង្កើតក្រសួង (MISTI) បានចែងថា «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូល ទាំងវិស័យសិប្បកម្ម និងទឹកស្អាតនៃព្រះរាជាណាចក្រកម្ពុជា»។ នៅក្នុងនេះ ក៏គ្របដណ្តប់ លើការងារស្តង់ដារ និងមាត្រាសាស្ត្រផងដែរ ដែលគ្រប់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទ ត្រូវខិតខំ បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាធុរជនគ្រប់មជ្ឈដ្ឋាន។
• សម្រាប់ការអនុវត្តកំណែទម្រង់ថ្មីក្នុងបរិបទនៃការផ្តល់សេវាសាធារណៈក្នុងការចុះបញ្ជីសហគ្រាសតាមប្រព័ន្ធអនឡាញ ក៏ជាកិច្ចការអាទិភាពមួយដែលមន្ទីរត្រូវតែខិតខំរៀនសូត្រ ជាមួយនឹងការបេ្តជ្ញាចិត្តខ្ពស់ ដើម្បីធ្វើបញ្ហានេះឱ្យបាន។
• ក្រៅពីការបំពេញភារកិច្ចស្នូលរបស់ខ្លួន មន្ទីរចាំបាច់ត្រូវមានកិច្ចសហការល្អ ជិតស្និទ្ធជាមួយគ្រប់ស្ថាប័ន មន្ទីរ អង្គភាព សមត្ថកិច្ចជំនាញនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយត្រូវគោរពប្រតិបត្តិតាមការដឹកនាំ របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តឱ្យបានខ្ជាប់ខ្ជួន។
• មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត ខ្ញុំអរគុណចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គ្រប់អង្គភាព ពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ លើកទឹកចិត្ត និងសហការអនុវត្តគ្រប់សកម្មភាពការងាររបស់ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ ឱ្យសម្រេចបានជោគជ័យ។
• ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ដែលនឹងខិតមកដល់នាពេលខាងមុខនេះ ខ្ញុំសូម ជូនពរគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសមាជិក សមាជិកានៃអង្គពិធី ទាំងមូល សូមមានសុខភាពល្អបរិបូរណ៌ និងសម្រេចជោគជ័យលើគ្រប់ភារកិច្ច ហើយសូមសមប្រកប តែនឹងពុទ្ធពរ និងពរជ័យប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេស គឺចៀសចាកផុតពីជំងឹកូវីដ-១៩ ទាំងអស់គ្នា។
ក្នុងនាមគណៈអធិបតី ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវានុវត្តន៍ខេត្តពោធិ៍សាត់ ចាប់ពីពេលនេះតទៅ។
សូមអរគុណ!
ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ FB page
Share.

Comments are closed.