មន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន បានមានប្រសាសន៍ថា ការដែលកម្ពុជាដើរតួក្នុងនាមជាប្រធានអាស៊ាន ហើយសម្របសម្រួលប្រទេសក្នុងតំបន់អាស៊ាននោះគឺគ្មានអ្វីដែលខុសនោះទេ។ ឯកឧត្តមបានបញ្ជាក់ដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។
ពាក់ព័ន្ធនឹងសំណួរថា តើការបង្រួបបង្រួមអាស៊ានឡើងវិញ ខុសឆ្គងឬទេ? ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា ៖ “ទាក់ទងទៅនឹងការសម្របសម្រួល ឬក៏អាចហៅបានថា សន្ធានកម្ម របស់អាស៊ាននេះ គឺជាវិវាទរវាងរដ្ឋនឹងរដ្ឋ ដែលមានន័យថាមានរដ្ឋមួយ មានវិវាទនឹងរដ្ឋមួយទៀត ដែលត្រូវដោះស្រាយដោយគោលការណ៍សម្របសម្រួល ហើយការបង្រួបបង្រួមបណ្តាប្រទេសនៃតំបន់អាស៊ានទាំង១០ គឺមិនមានអ្វីដែលខុសនោះទេ។ ធម្មនុញ្ញ និងគោលបំណងរបស់អាស៊ានបានបញ្ជាក់យ៉ាងច្បាស់ហើយថា អាស៊ាន គឺត្រូវតែមាន ១០ប្រទេស ដូច្នេះការដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន អនុវត្តការបង្រួបបង្រួមអាស៊ានដើម្បីបំពេញទៅតាមស្មារតី ធម្មនុញ្ញ និងគោលបំណងរបស់អាស៊ាន គឺជារឿងត្រឹមត្រូវ”។
ឯកឧត្តម បានបន្ថែមផងដែរថា ក្នុងករណីដែលអាស៊ានមិនមាន១០ប្រទេសនោះទេ គឺមិនអាចនឹងដោះស្រាយបញ្ហាអ្វីចេញនោះទេ ព្រោះថាធម្មនុញ្ញអាស៊ានបានចែងផងដែរថា ការសម្រេចណាមួយគឺត្រូវតែមានកុងសង់ស៊ីស (Consensus) ពីសមាជិកទាំង១០ប្រទេសនេះ។ ដូច្នេះបើបាត់មួយ (សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា) គឺអាស៊ានមិនអាចដើរទៅមុខរួចនោះទេ ហើយមិនអាចដោះស្រាយបញ្ហាបាននោះដែរ ព្រោះមិនអាចសម្រេចអ្វីបាន ហើយកត្តានេះហើយដែលនឹងធ្វើឱ្យរាំងស្ទះដល់ដំណើរការរបស់អាស៊ានទាំងមូល។
ដូច្នេះហើយ ការបង្រួបបង្រួមអាស៊ានទាំង១០ប្រទេសឡើងវិញ គឺមានសារៈសំខាន់ណាស់ ដើម្បីឱ្យអាស៊ានអាចដំណើរការដោះស្រាយបញ្ហាធំៗទាំងក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកបានជាបន្តទៀត។
សូមរម្លឹកថា នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចោទជាសំណួរទៅអ្នកវិភាគថា “តើការជួយសង្គ្រោះអាស៊ានពី៩ មកជាអាស៊ាន១០វិញ តើខ្ញុំមានកំហុសឬទេ?” តើអាស៊ានគួរទុកឱ្យមាន៩ ឱ្យខុសនឹងធម្មនុញ្ញអាស៊ាន ឬអាស៊ានត្រូវមាន១០?”៕
ដោយ ផែន រតនៈ
ប្រភព៖ AKP News