ប្រទេសជាច្រើនបានយល់ព្រមនៅ COP26 ដើម្បីបញ្ចប់ការប្រើប្រាស់ថាមពលធ្យូងថ្មត្រឹមឆ្នាំ២០៤០
ប្រទេសជាង ៤០ បានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍នៅឯសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុនៅប្រទេសស្កុតឡេន ដើម្បីបញ្ឈប់ការវិនិយោគលើការផលិតថាមពលធ្យូងថ្មក្នុងរយៈពេល ២ទសវត្សរ៍ខាងមុខ ប៉ុន្តែប្រទេសដែលប្រើប្រាស់ធ្យូងថ្មច្រើនបំផុតមួយចំនួនដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកមិនបានចូលរួមនោះទេ។ ប្រទេសជាច្រើនរួមមាន អង់គ្លេស កាណាដា ឥណ្ឌូនេស៊ី ប៉ូឡូញ កូរ៉េខាងត្បូង អ៊ុយក្រែន និងវៀតណាមជាដើម គឺជាផ្នែកនៃកតិកាសញ្ញានៅឯសន្និសីទដែលត្រូវបានគេស្គាល់ថា COP26។
បណ្ដាប្រទេសបានយល់ព្រមបញ្ឈប់ការវិនិយោគក្នុងស្រុក និងអន្តរជាតិក្នុងផលិតកម្មនៃធ្យូងថ្ម។ ប្រទេសអភិវឌ្ឍន៍បានយល់ព្រមបញ្ចប់ការគាំទ្ររបស់ពួកគេនៅក្នុងឆ្នាំ ២០៣០ និងប្រទេសដែលកំពុងអភិវឌ្ឍន៍បានយល់ព្រមបញ្ចប់នៅក្នុងឆ្នាំ ២០៤០។ អ្នកជំនាញអាកាសធាតុមួយចំនួនបាននិយាយថាប្រទេសអភិវឌ្ឍន៍គួរតែបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មឲ្យបានឆាប់ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០២០ ដើម្បីរក្សាល្បឿនជាមួយនឹងគោលដៅកំណត់សីតុណ្ហភាពពិភពលោកត្រឹម ១.៥ អង្សាសេ។
(ប្រភព៖ UPI)