សិស្សនិស្សិត ជាពិសេសនៅកម្រិតសាកលវិទ្យាល័យ ទាមទារឲ្យមានការយល់ដឹង និងការរៀបចំជាច្រើន ក្នុងការដាក់ពាក្យចូលរួមកម្មសិក្សា ឬកម្មវិធីអាហារូបករណ៍របស់ពួកគេ។ ទន្ទឹមនឹងនេះ ប្រវត្តិរូបសង្ខេប គឺជាឯកសារសំខាន់មួយ ដែលត្រូវបានទាមទារក្នុងពេលដាក់សំណើសុំទាំងនោះ។ ដូច្នេះ ប្លក់នេះនឹងណែនាំអ្នកពីរបៀប ដែលយើងអាចសរសេរប្រវត្តិរូបសង្ខេបប្រកបដោយប្រសិទ្ធភាព។

 

បើយោងតាមសកលវិទ្យាល័យ Harvard ប្រវត្តិរូបសង្ខេប គឺជាសេចក្ដីសង្ខេបនៃបទពិសោធន៍អប់រំ និងបទពិសោធន៍វិជ្ជាជីវៈរបស់អ្នក ហើយជាធម្មតា វាស្ថិតក្នុងមួយទំព័រ មានលក្ខណៈខ្លី និងខ្លឹម។ ពុម្ពអក្សរដែលគេប្រើជាញឹកញាប់រួមមាន Arial, Times New Roman, Garamond, Calibri និង Georgia ដែលមានទំហំអក្សរ ១០-១២ សម្រាប់អត្ថបទធម្មតា និងទំហំ ១៤-១៦ សម្រាប់ចំណងជើង ឬបឋមកថា។ បេក្ខជនជាច្រើនមានកំហុសដដែលៗ ឧទាហរណ៍ កំហុសលើអក្ខរាវិរុទ្ធ និងវេយ្យាករណ៍។ លើសពីនេះទៅទៀត អ្វីដែលសំខាន់គួរកត់សម្គាល់ គឺការប្រើប្រាស់កិរិយាសព្ទសកម្ម ដែលបង្កភាពកាន់តែងាយស្រួលក្នុងការយល់ សម្រាប់គណៈកម្មការជ្រើសរើសនៅពេលដែលពួកគាត់អានប្រវត្តិរូបរបស់អ្នក។ ដូចនេះ អ្នកគួរចៀសវាងការប្រើពាក្យស្មុគស្មាញ ឬបច្ចេកទេសពេក និងការប្រើប្រាស់ល្បៈកត្តុ។
អ្វីដែលគួរធ្វើ៖
១. ផ្ដល់នូវទម្រង់ច្បាស់លាស់ជាមួយនឹងលំហូរដែលងាយស្រួលសម្រាប់អាន ខ្លី និងខ្លឹម
២. ផ្ដល់ចំណងជើងសម្រាប់បទពិសោធន៍នីមួយៗ ឧទាហរណ៍ដូចជា ការអប់រំ វិជ្ជាជីវៈ ការបណ្ដុះបណ្ដាល ។ល។
៣. សរសេរធាតុចូលតាមលំដាប់កាលប្បវត្តិ
អ្វីដែលមិនគួរធ្វើ៖
១. ប្រើអក្សរកាត់ សព្វនាមបុរសទី១ ពាក្យស្លោក
២. ប្រើលេខ ឬអក្សរ ពេលបរិយាយ
៣. រៀបរាប់ពីអាយុ ភេទ ឬការដាក់រូបភាព (លុះត្រាតែកម្មវិធីនោះតម្រូវឲ្យអ្នកផ្ដល់រូបភាពរបស់អ្នក)
ផ្នែកទាំង ៥ សំខាន់ៗដែលត្រូវសរសេរក្នុងប្រវត្តិរូបសង្ខេបរួមមាន៖
• ព័ត៌មានផ្ទាល់ខ្លួន (ឈ្មោះ អាសយដ្ឋាន លេខទំនាក់ទំនង និងអ៊ីម៉ែល)
• ការអប់រំ (ឈ្មោះសាកលវិទ្យាស័យ/សាលា មុខវិជ្ជា ពិន្ទុមធ្យមភាគ កាលបរិច្ឆេទចុះឈ្មោះចូលរៀន និងកាលបរិច្ឆេទបញ្ចប់ការសិក្សា)
• បទពិសោធន៍វិជ្ជាជីវៈ (ឈ្មោះស្ថាប័ន មុខតំណែង សេចក្តីសង្ខេបនៃការទទួលខុសត្រូវ កាលបរិច្ឆេកចាប់ផ្ដើម និងបញ្ចប់)
• សកម្មភាពបណ្ដុះបណ្ដាល/ស្ម័គ្រចិត្ត (មានជម្រើស) (ស្ថាប័នដែលអ្នកបានស្ម័គ្រចិត្ត/បណ្ដុះបណ្ដាល សង្ខេបនៃការទទួលខុសត្រូវ កាលបរិច្ឆេទចាប់ផ្ដើម និងបញ្ចប់)
• ផ្សេងៗ (ភាសា ឬជំនាញដែលអ្នកអាចប្រើប្រាស់បាន)
អ្នកក៏អាចរួមបញ្ចូលការសង្ខេបខ្លីៗ អំពីព័ត៌មានពាក់ព័ន្ធរបស់អ្នកនៅក្រោមព័ត៌មានផ្ទាល់ខ្លួន ឧទាហរណ៍ ចំណាប់អារម្មណ៍ប្រធានបទស្រាវជ្រាវជាដើម។ សូមកត់សម្គាល់ថា ប្រវត្តិរូបសង្ខេបអាចប្រែប្រួលតាមកាលៈទេសៈ។
ខាងក្រោមនេះជាគំរូនៃប្រវត្តិរូបសង្ខេប ដែលអ្នកអាចប្រើប្រាស់ជាឧទាហរណ៍បាន។
Share.

Comments are closed.