តួនាទីអាស៊ានក្នុងដំណើរការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

វិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា បានក្លាយជារបៀបវារៈដ៏ក្តៅគគុកមួយក្នុងកិច្ចប្រជុំ អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ បច្ចុប្បន្ន វិបត្តិនៅមីយ៉ាន់ម៉ាបាននិងកំពុងវិវត្តទៅរកភាពកាន់តែស្មុគ ស្មាញ ដោយសារតែប្រទេសក៏ដូចជាប្រជាជាតិមីយ៉ាន់ម៉ាកំពុងប្រឈមនឹងការធ្លាក់ចុះនូវស្ថិរភាព នយោបាយ ក្រោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះរួមមានភាពវឹកវរក្នុងសង្គម បាតុកម្ម និងការឆ្លើយតបពីរបបសឹកដោយអំពើហិង្សានានា រហូតដល់មានការសម្លាប់បាតុករជាង ១០០០នាក់ និងចាប់ឃុំខ្លួនប្រមាណជាង ៣០០០នាក់ទៀត។

វិបត្តិទាំងនេះក៏បានជម្រុញឲ្យសហគមន៍អន្តរជាតិបន្តដាក់សម្ពាធលើរបបសឹក និងអាស៊ានក្នុងការស្វែងរកដំណោះស្រាយដែលសមស្របនិងលឿនបំផុតចំពោះវិបត្តិនៅមីយ៉ាន់ម៉ា។ ការវិវត្តទាំងនោះ បានបង្កនូវភាពកាន់តែគ្រោះថ្នាក់ ដូចជា ទី១ ការបង្កើតចលនាកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលយោធា ពិសេសនៅតាមតំបន់កងទ័ពជនជាតិភាគតិចធំៗ, ទី២ សមាជិករបស់គណបក្សលោកស្រី អោងសាន ស៊ូជី បានបង្កើតរដ្ឋាភិបាលនិរទេស ដើម្បីតស៊ូមតិផ្នែកនយោបាយប្រឆាំងនឹងរបបសឹក, និងទី៣ ការលូកដៃពីសំណាក់មហាអំណាចមួយចំនួន ក្នុងវិបត្តិផ្ទៃក្នុងមីយ៉ាន់ម៉ា។ បើក្រឡែកមកមើលពីទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមវិញ មីយ៉ាន់ម៉ាកំពុងមានវិបត្តិសុខភាពសាធារណៈ ដោយសារការរីករាលដាលរលកទី៣ នៃជំងឺកូវីដ-១៩ ផងដែរ។ វិបត្តិនយោបាយនេះ បានរុញច្រានឲ្យការឆ្លើយតបនឹងការរីករាលដាលនៃជំងឺឆ្លងកាន់តែយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព រួមទាំងបង្កបញ្ហាដល់វិស័យសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច របស់មីយ៉ាន់ម៉ាឲ្យកាន់តែដុនដាប។ គួរបញ្ជាក់ផងដែរថា មីយ៉ាន់ម៉ាជួបប្រទះអស្ថិរភាពនយោបាយជារឿយៗ ចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេសក្នុងឆ្នាំ ១៩៤៨ មកម្ល៉េះ។

ចំពោះអាស៊ានវិញ បាននិងកំពុងទទួលរងនូវការដាក់សម្ពាធជាច្រើនជុំវិញវិបត្តិនៅមីយ៉ាន់ម៉ានេះ ដែលវាអាចបង្កមកពីភាពស្មុគស្មាញចំនួន៣ រួមមាន៖ ទី១ ភាគស្មុគស្មាញពាក់ព័ន្ធនឹងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិកអាស៊ាន ដែលបានកំណត់ក្នុងធម្មនុញ្ញអាស៊ាន។ ដោយគោលការណ៍នេះ ហាក់បីដូចជាផ្ទុយពីគោលការណ៍ការលើកកម្ពស់នូវគុណតម្លៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ ទី២ ការលូកដៃក្នុងវិបត្តិមីយ៉ាន់ម៉ានឹងនាំឲ្យអាស៊ានត្រូវបានគេថាជ្រៀតជ្រែកក្នងកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក ដែលប្រាសចាកពីធម្មនុញ្ញរបស់ខ្លួនដែលបានចែង។ ផ្ទុយទៅវិញ ប្រសិនបើអាស៊ានមិនមានចំណាត់ការ នោះនឹងប៉ះពាល់ដល់មជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់។ ទី៣ ការធ្វើការជាមួយរបបសឹក ពិសេសក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា អាចត្រូវមើលឃើញថាជាការទទួលស្គាល់របបសឹកដោយប្រយោល។ ដោយឡែកប្រសិនបើមិនមានការសហការនោះទេ អាស៊ានពុំមានលទ្ធភាពក្នុងការស្វែងរកដំណោះ ស្រាយចំពោះវិបត្តិនេះឡើយ។

ចំពោះ Five points consensus ដែលបានដាក់ចេញដើម្បីឆ្លើយតបនឹងវិបត្តិនៅមីយ៉ាន់ម៉ា នោះរួមមាន៖ ការបញ្ឈប់អំពើហិង្សា, ការជម្រុញឲ្យមានកិច្ចសន្ទនានយោបាយប្រកប ដោយភាពស្ថាបនា, ការដោះស្រាយវិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា, ការតែងតាំងប្រេសិតពិសេសរបស់ប្រធានអាស៊ាន, និងទស្សនកិច្ចរបស់គណៈប្រតិភូរបស់ ប្រេសិតពិសេសនោះទៅកាន់មីយ៉ាន់ម៉ា។ ជាក់ស្តែងការអនុវត្តនូវ Five Points Consensus មានភាពយឺតយ៉ាវ ដោយឡែកភាពវិជ្ជមានបានសម្តែងចេញក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្រ្តី ការបរទេសអាស៊ាន ដែលសមាជិកទាំងអស់បានឯកភាពក្នុងការជ្រើសតាំងរដ្ឋមន្រ្តី ការបរទេសទី២របស់ប្រុយណេ ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ ហើយលោកក៏កំពុងរៀបចំ ដំណើរទស្សនកិច្ចទៅកាន់ មីយ៉ាន់ម៉ាផងដែរ។ ភាពជោគជ័យក្នុងការបំពេញបេសកកម្មរបស់លោក ក៏ត្រូវមានការរួមចំណែកពីឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំយោធាផងដែរ។

ជាក់ស្តែងកម្ពុជានឹងត្រូវបានប្រគល់ភារកិច្ចជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ ពីប្រុយណេក្នុងខែតុលា ឆ្នាំ២០២១នេះ។ ជាហេតុ វិបត្តិនៅមីយ៉ាន់ម៉ានឹងបន្តជាវិញ្ញាសាដ៏ស្មុគស្មាញ សម្រាប់កម្ពុជាជាប្រធានអាស៊ានផងដែរ។ យ៉ាងណាក្តី កម្ពុជាមានមូលដ្ឋានដ៏ល្អក្នុងការបំពេញតួនាទី នេះ ដោយហេតុ កម្ពុជាជាប្រទេសដែលមានសម្ព័ន្ធភាពល្អនឹងមីយ៉ាន់ម៉ា, ហើយ កម្ពុជាមានបទពិសោធន៍ល្អៗជាច្រើនក្នុងការចូលរួមចំណែកកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ នៅមីយ៉ាន់ម៉ា។ ជាងនេះទៅទៀត អ្វីដែលកម្ពុជាអាចចូលរួមចំណែកបាននោះគឺ៖ ទី១ បង្កើតស្ថានភាពអំណោយផលមួយដើម្បីការចរចាពីស្ថានភាពនយោបាយប្រកបដោយភាពស្ថាបនា, ទី២ ជ្រោមជ្រែងភាគីជម្លោះទាំងអស់ដើម្បីកសាងនូវជំនឿទុកចិត្តខាងផ្នែកនយោបាយ, និងទី៣ កម្ពុជាគួរជម្រុញជំនួយមនុស្សធម៌ទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន ក៏ដូចជាការចូលរួមចំណែកពីសំណាក់ដៃគូសន្ទនាអាស៊ានដទៃទៀត។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី

អ្នកសម្របសម្រួលកម្មវិធី៖ លោកស្រី ហ៊ឹម សុធារ័ត្ន

Share.

Comments are closed.