logo
[elementor-template id="3085"]
[elementor-template id="2436"]

ជាធម្មតា ឥទ្ធិពលនៃបណ្តាញសង្គមតែងតែមានផលល្អ​ និងផលអាក្រក់របស់វា​។ បើនិយាយពីផលល្អ ការសិក្សាស្រាវជ្រាវបានរកឃើញថា យ៉ាងហើចណាស់បណ្តាញសង្គមអាចឱ្យអ្នកប្រើប្រាស់មានឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ មិនថាវ័យណាក៏ដោយ។ លើសពីនេះ គាត់ក៏អាចធ្វើការទាក់ទងទៅបងប្អូនសាច់ញាតិបានថែមទៀតផង។ មួយវិញទៀត យើងអាចផ្តោតទៅលើការចែករំលែក ឬក៏ផ្សារភ្ជាប់ជាមួយសុខភាពផ្លូវចិត្តដែលអាចជាឱកាសមួយឱ្យអ្នកដទៃយល់ពីអារម្មណ៍របស់ខ្លួន។ បើយើងនិយាយពីផលអាក្រក់វិញ ​បណ្តាញសង្គមក៏មានផលប៉ះពាល់ច្រើនផងដែរ។ ជាធម្មតា យើងតែងសង្កេតឃើញនូវមាតិកាឬការចែករំលែកមួយចំនួនដែលផ្តល់ជាផលអវិជ្ជមានមកដល់អារម្មណ៍ផ្លូវចិត្តរបស់យើងដោយមិនដឹងខ្លួន​ ដូចជារូបភាពឈាម​ រូ​បភាពគ្រោះថ្នាក់ជាដើម។ វាជាការព្រួយបារម្ភមួយរបស់អ្នកជំនាញ។ បើយោងទៅតាមការស្រាវជ្រាវថ្មីៗនេះ គេបានរកឃើញថា មានជំងឺផ្លូវចិត្ត ២ ធំៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមហួសហេតុពេក។ ជំងឺទី ១ មានឈ្មោះថា ជំងឺធ្លាក់ទឹកចិត្តនេះ។ រីឯជំងឺមួយទៀតនោះគឺ ជំងឺថប់អារម្មណ៍។  ការសិក្សាស្រាវជ្រាវបានបង្ហាញថា យុវវ័យ​ ចន្លោះ ១៣ ឬ​ ១៤ ឆ្នាំរហូតដល់ ១៦ ឬ ១៧ ឆ្នាំគឺជាវ័យដែលបានប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមខ្លាំងជាងគេ ជាពិសេស Facebook និង Tik Tok។ ដូចនេះ យុវជនត្រូវធ្វើយ៉ាងណាឱ្យការប្រើប្រាស់
បណ្តាញសង្គមផ្តល់ជាផលវិជ្ជមាន រីឯរដ្ឋាភិបាលត្រូវចាត់ទុកយុវជនជាធនធានដ៏ចាំបាច់។


សំណួរទី ១៖
តើការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមអាចជះឥទ្ធិពលដល់សុខុមាលភាពផ្លូវចិត្តដូចម្តេចដែរ?  
   មុននឹងយើងនិយាយពីឥទ្ធិពលនៃ​បណ្តាញសង្គម យើងត្រូវនិយាយពី​បណ្តាញសង្គមដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេសិន។ ជាទូទៅ យើងឃើញថា Facebook, Tik Tok Twitter, និង Instagram ប៉ុន្តែ Facebook និង Tik Tok ដូចជាមានការប្រើប្រាស់ច្រើនជាងគេនៅក្នុងបរិបទកម្ពុជា។

ជាធម្មតា ឥទ្ធិពលតែងតែមានផលល្អ​ និងផលអាក្រក់របស់វា​។ បើនិយាយពីផលល្អ ការសិក្សាស្រាវជ្រាវបានរកឃើញថា យ៉ាងហើចណាស់បណ្តាញសង្គមអាចឱ្យអ្នកប្រើប្រាស់មានឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ មិនថាវ័យណាក៏ដោយ។ លើសពីនេះ គាត់ក៏អាចធ្វើការទាក់ទងទៅបងប្អូនសាច់ញាតិបានថែមទៀតផង។ មួយវិញទៀត យើងអាចផ្តោតទៅលើការចែករំលែក ឬក៏ផ្សារភ្ជាប់ជាមួយសុខភាពផ្លូវចិត្តដែលអាចជា
ឱកាសមួយឱ្យអ្នកដទៃយល់ពីអារម្មណ៍របស់ខ្លួន។ លើសពីនេះទៀត អ្នកប្រើប្រាស់ក៏អាចស្វែងយល់ពីវប្បធម៌ក្នុងបរិបទផ្សេងៗខុសផ្លែកពីប្រទេសកម្ពុជាផងដែរ​។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ក៏ដូចជាអ្នក​ផលិតឬចែករំលែកសុទ្ធតែអាចទាញផលប្រយោជន៍ពីមាតិកានៅតាម
បណ្តាញសង្គម។

បើយើងនិយាយពីផលអាក្រក់វិញ ​បណ្តាញសង្គមក៏មានផលប៉ះពាល់ច្រើនផងដែរ។ ជាធម្មតា យើងតែងសង្កេតឃើញនូវមាតិកាឬការចែករំលែកមួយចំនួនដែលផ្តល់ជាផលអវិជ្ជមានមកដល់អារម្មណ៍ផ្លូវចិត្តរបស់យើងដោយមិនដឹងខ្លួន​ ដូចជារូបភាពឈាម​រូ​បភាពគ្រោះថ្នាក់ជាដើម។ លើសពីនេះទៀត រូបភាពទាំងនេះក៏អាចរំលឹកទៅដល់បទពិសោធន៍របស់អ្នកប្រើប្រាស់ដែលគាត់អាចជួបហេតុការណ៍ដែលគាត់ធ្លាប់ជួបពីមុនមក។ ទន្ទឹមនឹងនេះ ការប្រើពេលវេលាច្រើនពេកនៅលើបណ្តាញសង្គមអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចការងារផ្សេងទៀតដូចជា ការសិក្សា ឬក៏ធ្វើការទំនាក់ទំនងក្នុងសង្គមខាងក្រៅ។ ទាំងនេះសុទ្ធតែជាផលល្អ និងផលអាក្រក់នៃឥទ្ធិពលពី​បណ្តាញសង្គម។

សំណួរទី ២៖ តើការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហួសហេតុពេកអាចមានទំនាក់ទំនងនឹងអាត្រាជំងឺផ្លូវចិត្តដែរឬទេ​?

   វាជាការព្រួយបារម្ភមួយរបស់អ្នកជំនាញ។ ជាធម្មតា បើយើងសង្កេតមើលការផ្សព្វផ្សាយឬក៏ការចែករំលែកមួយចំនួ​ន យើងនឹងឃើញករណីច្រើនពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់។ បើយោងទៅតាមការស្រាវជ្រាវថ្មីៗនេះ គេបានរកឃើញថា មានជំងឺផ្លូវចិត្ត ២ ធំៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមហួសហេតុពេក។ ជំងឺទី ១ មានឈ្មោះថា ជំងឺធ្លាក់ទឹកចិត្ត​ ដែលយើងប្រាកដជាបានឃើញការផ្សព្វផ្សាយឬក៏ការចែករំលែកជាច្រើនទាក់ទងជំងឺនេះ។ រីឯជំងឺមួយទៀតនោះគឺ ជំងឺថប់អារម្មណ៍ដែលមានភាពខុសគ្នានឹងជំងឺធ្លាក់ទឹកចិត្ត។ ជារួមមក ជំងឺទាំងពីរនេះបូករួមទាំងជំងឺប្រភេទផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមហួសហេតុ។

លើសពីនេះ ការសិក្សាបានបញ្ចាក់ទៀតថា ប្រសិនបើយើងកាត់បន្ថយការប្រើប្រាស់បណ្តាញសង្គម ជំងឺខាងលើក៏មានការអន់ថយផងដែរ។ ទោះបីការសិក្សាស្រាវជ្រាវខាងលើបានធ្វើឡើងនៅក្នុងបរិបទប្រទេសអឺរ៉ុបក៏ដោយ វាគឺជាការបង្ហាញមួយដែលយើងគួរតែធ្វើការសិក្សាបន្តទៀតនៅក្នុងប្រទេសកម្ពុជា។

សំណួរទី ៣៖ តើក្រុមអាយុជាក់លាក់មួយណាដែលងាយទទួល​រង​ផលប៉ះពាល់នៃការប្រើប្រាស់ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមខ្លាំងជាងគេ?

ចំពោះក្រុមអាយុ ការសិក្សាស្រាវជ្រាវបានបង្ហាញថា យុវវ័យ​ ចន្លោះ ១៣ ឬ​ ១៤ ឆ្នាំរហូតដល់ ១៦ ឬ ១៧ ឆ្នាំគឺជាវ័យដែលបានប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមខ្លាំងជាងគេ ជាពិសេស Facebook និង Tik Tok។ ដោយយុវវ័យ​ឬយុវជនមានការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមច្រើន អ្នកប៉ះពាល់ពីបណ្តាញផ្សព្វផ្សាយសង្គមច្រើនក៏មកពីវ័យនេះដែរ។ លើសពីនេះទៀត រវាងយុវជន និងយុវនារី មានការទទួលផលប៉ះពាល់កម្រិតប្រហាក់ប្រហែលគ្នា​គ្រាន់តែនារីត្រូវប៉ះពាល់ច្រើនជាងបុរសបន្តិច។

សំណួរទី ៤៖ តើយុវវ័យអាចទាញយកផលប្រយោជន៍ពីបណ្តាញសង្គមយ៉ាងណាខ្លះដែរ?

ដើម្បីផ្តោតទៅលើផលវិជ្ជមាន យុវវ័យអាចផ្តោតទៅលើចំណុចមួយចំនួនសំខាន់ៗ។ ចំណុចទី ១ គឺយុវវ័យត្រូវផ្តោតទៅលើមាតិកាណាដែលជាចំណេះដឹង ជាផលប្រយោជន៍ ជាជំនាញ ជាបទពិសោធន៍ឬបំណិនក្នុងការរស់នៅផ្សេងៗ។ បន្ថែមពីនេះ ចំណុចទី ២ គឺយុវវ័យត្រូវរៀនវាយតម្លៃគុណភាពមាតិកាឬក៏ការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមបូករួមទាំងប្រភពនៃមាតិកាទាំងនោះផងដែរ។ មួយវិញទៀត​ យើងក៏អាចពិនិត្យមើលរយៈពេលនៃការប្រើប្រាស់បណ្តាញសង្គម។ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ប្រសិនបើយើងអាចកាត់បន្ថយការប្រើប្រាស់បណ្តាញសង្គមត្រឹមតែ ៣០ នាទីក្នុង​ ១ ថ្ងៃ នោះវានឹងអាចជួយសម្រួលដល់ផ្លូវចិត្តរបស់យើងបានដូចជា ជំងឺធ្លាក់ទឹកចិត្ត និងការធប់អារម្មណ៍។ ទន្ទឹមនឹងនេះ យើងត្រូវជៀសវាងការប្រើប្រាស់វានាពេលដែលយើងទទួលដំណេរ ដោយមាតិកាបណ្តាញសង្គម និងពន្លឺ Blue Light ពីទូរស័ព្ទ អាចធ្វើឱ្យប៉ះពាល់ទៅដល់ទម្លាប់នៃការគេងជាប្រចាំរបស់យើង។ មួយចំណុចទៀតនោះគឺយើងត្រូវយកចិត្តទុកដាក់ទៅជនវ័យក្មេងដោយតាមការសិក្សាស្រាវជ្រាវ ក្មេងវ័យកាន់តែតិច ការប៉ះពាល់កាន់តែងាយ។ ឪពុកម្តាយ ឬក៏អាណាព្យាបាល ត្រូវចាប់អារម្មណ៍ ពិនិត្យមើលទៅលើមាតិកានៅ
តាមបណ្តាញសង្គមហើយជជែកជាមួយគ្រួសារថា ប៉ះពាល់ដែរឬទេ?

ជារួមមក ទាំងនេះជាការណែនាំមួយចំនួនពីអ្នកជំនាញក្នុងការប្រើប្រាស់បណ្តាញសង្គមឱ្យផ្តល់ផលវិជ្ជមានមកឱ្យយើង។

សំណួរទី ៥៖ តើលោកមានយោបល់យ៉ាងណាដែរ ចំពោះតួនាទីរបស់រដ្ឋាភិបាលក្នុងការថែនាំសុខុមាលភាពផ្លូវចិត្តរបស់ប្រជាជននៅថ្ងៃអនាគត?

ខ្ញុំជឿរជាក់ថា សុខុមាលភាពផ្លូវចិត្ត មានការផ្សព្វផ្សាយជាច្រើនមកហើយសម្រាប់ឱ្យប្រជាពលរដ្ឋ ឬក៏យុវវ័យរបស់យើងបានដឹង។ ដូចនេះ យុវវ័យត្រូវប្រើប្រាស់វាក្នុងការជួយដល់ការវិវត្តទាំងផ្លូវកាយ​ និងផ្លូវចិត្ត។ រដ្ឋាភិបាលត្រូវគិតថា យុវជនជាធនធានមួយដែលត្រូវធ្វើយ៉ាងណាឱ្យមានគុណភាពល្អនិងសុខភាពល្អ។ ប្រសិនបើប្រទេសមួយមានធនធានល្អ​ ការចូលរួមគ្រប់វិស័យក៏មានភាពល្អផងដែរ៕

Share.

Comments are closed.

Exit mobile version