https://youtu.be/16HcFjj6kaU

វាគ្ម័ន៖ លោក នឹម ឈុន្នី អ្នកជំនាញខាងបណ្ដុះបណ្តាល និងអប់រំផ្លូវចិត្ត។

សមាធិមានន័យថា ស្ងប់ ឬក៏ការស្វែងយល់អំពីខ្លួនឯង និងរបៀបនៃការគ្រប់គ្រងផ្លូវចិត្ត។ ការធ្វើសមាធិពិតជាមានសារៈសំខាន់ខ្លាំងមែនទែន សឹងតែមិនអាចគណនាបាន។ វាអាចជួយយើងក្នុងការគ្រប់គ្រងអារម្មណ៍របស់យើង។ ទីពីរអ្នកដែលធ្វើសមាធិជាប្រចាំ គាត់នឹងទទួលបាននូវថាមពលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ទីបី គាត់អាចស្វែងយល់ពីខ្លួនឯង ឲ្យស្គាល់ខ្លួនឯងដើម្បីឲ្យការរស់នៅកាន់តែប្រសើរឡើងជាមួយគ្រួសារនិងសង្គម។ ជាធម្មតា នៅពេលដែលយើងធ្វើលំហាត់ប្រាណ វាជួយសម្រួល ជួយពង្រឹងផ្នែកខាងរាងកាយរបស់យើងឲ្យរឹងមាំ ឲ្យមានថាមពល ប៉ុន្តែសមាធិគឺជាលំហាត់សម្រាប់បង្វឹកផ្នែកផ្លូវចិត្តរបស់យើងឲ្យបានរឹងមាំ។ ព្រះពុទ្ធសម្តែងថា ចិត្តជាប្រធាននៃអ្វីៗទាំងអស់។ យើងគិតបានបែបណា លទ្ធផលនឹងចេញមកបែបហ្នឹង។ ដូចនេះ បើអារម្មណ៍មិនរឹងមាំ យើងនឹងទោរទន់ទៅតាមស្ថានភាពផ្សេងៗតាមរយៈចក្ខុវិញ្ញាណដែលយើងមើលឃើញ។ ជាចុងក្រោយ ដើម្បីចាប់ផ្តើមធ្វើសមាធិដោយខ្លួនឯង យើងអាចចាប់ផ្តើមដោយរកកន្លែងស្ងប់ស្ងាត់ ហើយទៅរកលោកគ្រូ អ្នកគ្រូណាដែលមានជំនាញធ្លាប់អនុវត្តហើយសុំឱកាសដើម្បីបានរៀនសូត្រពីពួកគាត់ហើយយកមកអនុវត្ត។


សំណួរទី ១៖ ខ្ញុំជឿរជាក់ថា បងប្អូនប្រជាពលរដ្ឋរបស់យើងសុទ្ធតែធ្លាប់ឮពីការធ្វើសមាធិ។​ ដើម្បីបញ្ជាក់ឱ្យច្បាស់បន្ថែមទៀត តើលោកអាចជួយប្រាប់បានទេថា តើអ្វីទៅជាការធ្វើសមាធិ?

ភាគច្រើនជាជនយើងដឹងថាពីការសមាធិរួចមកហើយ ប៉ុន្តែរបៀបនៃអនុវត្តនោះប្រហែលជាចំនួនតិចទេ។ ពាក្យថា សមាធិ គឺជាវិធីសាស្ត្រមួយ ឬក៏ជាលក្ខខណ្ឌមួយក្នុងការអភិវឌ្ឍនិងពង្រឹងផ្លូវចិត្ត។ វាគឺជាបច្ចេកទេសដ៏វ័យចំណាស់មួយក្នុងការអភិវឌ្ឍនិងពង្រឹងផ្លូវចិត្តរបស់យើង។ ជារួមមក សមាធិមានន័យថា ស្ងប់ ឬក៏ការស្វែងយល់អំពីខ្លួនឯង និងរបៀបនៃការគ្រប់គ្រងផ្លូវចិត្ត។
សំណួរទី ២៖ សម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលមិនបានគិតអំពីការធ្វើសមាធិ តើវាមានសារៈប្រយោជន៍អ្វីខ្លះសម្រាប់ជីវិតប្រចាំថ្ងៃ?

ការធ្វើសមាធិពិតជាមានសារៈសំខាន់ខ្លាំងមែនទែន សឹងតែមិនអាចគណនាបាន។ ជាធម្មតា មនុស្សយើងនៅពេលដែលយើងខឹង នោះមិនអាចនិយាយល្អបានទេ។ ការធ្វើសមាធិអាចជួយយើងក្នុងការគ្រប់គ្រងអារម្មណ៍របស់យើង។ ទីពីរអ្នកដែលធ្វើសមាធិជាប្រចាំ គាត់នឹងទទួលបាននូវថាមពលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ទីបី គាត់អាចស្វែងយល់ពីខ្លួនឯង ឲ្យស្គាល់ខ្លួនឯងដើម្បីឲ្យការរស់នៅកាន់តែប្រសើរឡើងជាមួយគ្រួសារនិងសង្គម។  អ្វីដែលសំខាន់ទៀតនោះគឺអ្នកដែលអនុវត្តសមាធិជាប្រចាំនឹងទទួលបាននូវសន្តិភាពផ្លូវចិត្ត ហើយចាប់ផ្ដើមរីករាយចំពោះអ្វីដែលខ្លួនកំពុងធ្វើ រីករាយជាមួយស្ថានភាពជុំវិញខ្លួន។  នោះហើយជាកត្តាដែលនាំឲ្យយើងគេងបានសុខ។ លើសពីនេះទៅទៀត ការធ្វើសមាធិអាចជួយដង្ហើមរបស់យើងបាន។ ការសម្រួលដង្ហើមចេញចូលបានបង្ហាញពី សមត្ថភាពក្នុងការផ្សារភ្ជាប់ខ្លួនឯង។ សមត្ថភាពនេះបង្ហាញថា យើងអាចរស់នៅជាមួយបច្ចុប្បន្នបាន។ បុរាណបានលើកឡើងថា ផ្ទះដ៏ពិតប្រាកដរបស់យើងមិនមែនផ្ទះនៅអអីតកាល មិនមែនអនាគត តែនៅក្នុងបច្ចុប្បន្នកាល។ យើងអាចរៀនរស់នៅជាមួយបច្ចុប្បន្នបាន នោះអនាគតយើងនឹងកាន់តែប្រសើរ។​
សំណួរទី ៣៖ តើការធ្វើសមាធិមានអត្ថប្រយោជន៍លើសពីការធ្វើលំហាត់ប្រាណធម្មតាយ៉ាងណាដែរ?

នៅពេលដែលយើងធ្វើលំហាត់ប្រាណ វាជួយសម្រួល ជួយពង្រឹងផ្នែកខាងរាងកាយរបស់យើងឲ្យរឹងមាំ ឲ្យមានថាមពល ប៉ុន្តែសមាធិគឺជាលំហាត់សម្រាប់បង្វឹកផ្នែកផ្លូវចិត្តរបស់យើងឲ្យបានរឹងមាំ។ ព្រះពុទ្ធសម្តែងថា ចិត្តជាប្រធាននៃអ្វីៗទាំងអស់។ យើងគិតបានបែបណា លទ្ធផលនឹងចេញមកបែបហ្នឹង។ ដូចនេះ បើអារម្មណ៍មិនរឹងមាំ យើងនឹងទោរទន់ទៅតាមស្ថានភាពផ្សេងៗតាមរយៈចក្ខុវិញ្ញាណដែលយើងមើលឃើញ។ ដូចនេះ ត្រូវតែមានការហ្វឹកហាត់ទាំងពីរ ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ក្នុងនាមយើងជាបុគ្គលិក ជាឪពុកម្តាយ ជាថ្នាក់ដឹកនាំតាមអង្គភាព ប្រសិនបើយើងមិនមានសមត្ថភាពគ្រប់គ្រងខ្លួនឯង ពិតណាស់បញ្ហានឹងកើតឡើងច្រើនជាមួយបុគ្គលិក ជាមួយក្រុមគ្រួសារ។ ផ្ទុយមកវិញ ប្រសិនបើយើងមានសុខុមាលភាពផ្លូវចិត្តល្អ យើងនឹងអាចជួយដល់ក្រុមគ្រួសារ និងសង្គមបាន។
សំណួរទី ៤៖ តើការធ្វើសមាធិមានអត្ថប្រយោជន៍លើសពីការធ្វើលំហាត់ប្រាណធម្មតាយ៉ាងណាដែរ?

បច្ចុប្បន្ននេះ យើងមានច្រើនរបៀបដ៏សម្បូរបែបណាស់ដូចជា សៀវភៅនិង Youtube ជាដើម។ ប៉ុន្តែ ដំបូងបំផុតយើងគួរតែជួបជាមួយអ្នកដែលធ្លាប់ប្រតិបត្តិជាមុនសិនដូចជា ព្រះសង្ឃ ឧបាសក ឧបាសិកា ហើយក្នុងការស្វែងរកទីតាំង មិនចាំបាច់តែទៅវត្តទេ នៅតាមកន្លែងធ្វើការ នៅតាមផ្ទះក៏អាចធ្វើបានដែរ។ អ្វីដែលសំខាន់នោះគឺរកកន្លែងស្ងាត់ដែលយើងអាចសម្រួលចិត្តយើងបាន។ ប្រសិនបើយើងមិនដែលធ្លាប់សមាធិពីមុនមក នៅពេលដែលយើងធ្វើសមាធិដំបូង កន្លែងអ៊ូអរអាចរំខានចិត្តយើងដែលអាចប៉ះពាល់ដល់អារម្មណ៍របស់យើង។ ដូចនេះ យើងអាចចាប់ផ្តើមដោយរកកន្លែងស្ងប់ស្ងាត់ ហើយទៅរកលោកគ្រូ អ្នកគ្រូណាដែលមានជំនាញធ្លាប់អនុវត្តហើយសុំឱកាសដើម្បីបានរៀនសូត្រពីពួកគាត់ហើយយកមកអនុវត្ត។
សំណួរទី ៥៖ ដើម្បីលើកតម្កើងការផ្សព្វផ្សាយនៃការធ្វើសមាធិជួយដល់ប្រជាពលរដ្ឋរបស់យើង តើលោកមានជាសំណើអ្វីខ្លះដែរ?
បើយើងមើលសង្គម យើងឃើញមាន Social influencer បានជួយផ្សព្វផ្សាយរួចមកហើយ ប៉ុន្តែបើយើងមើលទៅតាមបណ្ដាស្ថាប័ន ក្រុមហ៊ុនជា ពិសេសនៅក្រសួងអប់រំ ពួកគាត់អាចបញ្ចូលសមាធិទៅក្នុងកម្មវិធីសិក្សាបាន ត្រឹមតែប្រាំឬដប់នាទីមុនចាប់ផ្តើមថ្នាក់រៀន មានការហ្វឹកហាត់សមាធិប្រាំទៅដប់នាទីនឹងជួយសម្រួលអារម្មណ៍និងបង្កើននូវថាមពល។  ហើយតាមបណ្ដាក្រុមហ៊ុនវិញ ព្រោះក្រុមហ៊ុនខ្លះមានបុគ្គលិកច្រើន។ គាត់អាចផ្តល់ឱកាសឲ្យបុគ្គលិករបស់គាត់បានស្វែងយល់ពីការសមាធិដើម្បីពង្រឹងនូវសុខុមាលភាពផ្លូវចិត្តដែលអាចជួយជម្រុញការងារឲ្យកាន់តែប្រសើរឡើង។ នៅលោកខាងលិច មានក្រុមហ៊ុនធំៗមួយចំនួនបានកំណត់ថាបុគ្គលិកត្រូវអនុវត្តសមាធិជាប្រចាំរៀងរាល់សប្ដាហ៍មួយថ្ងៃ ដប់ប្រាំនាទីឬសាមសិបនាទីទៅតាមអធ្យាស្រ័យនៅកន្លែងធ្វើការរៀងៗខ្លួន។  ដូចនេះ ខ្ញុំគិតថាប្រសិនបើតាមស្ថាប័នមួយៗ ជាពិសេសនៅក្រសួងអប់រំ ប្រសិនបើមានការជ្រៀតចូលនៃការធ្វើសមាធិក្នុងកម្មវិធីសិក្សាប្រាកដថានឹងជួយបានច្រើនហើយបងប្អូនដែលប្រើបណ្ដាញសង្គមក៏អាចផ្សព្វផ្សាយបានដែរដើម្បីចែករំលែកបន្ថែមទៀត។

Share.

Comments are closed.