តាមកម្មវិធីដែលគ្រោងទុកនៅចុងឆ្នាំ២០២៤នេះខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍​កីឡាធំៗចំនួនបីនឹងរៀបចំនៅតំបន់អង្គរ ។

ព្រឹត្តិការណ៍ទាំងបីនេះមាន៖ ១.ព្រឹត្តិកាណ៍រត់ប្រណាំងអន្តរជាតិ​ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ដែលនឹងរៀបចំឡើង នៅថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ទី២ ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោក(The 5th World Kun Khmer Championship) នៅទីធ្លាមុខ​ព្រះរាជដំណាក់ ខេត្តសៀមរាប ជាប់មាត់ស្ទឹងសៀម​រាប​ដែលនឹងរៀបចំឡើងចាប់ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ និងទី៣.ព្រឹត្តិកាណ៍រត់ប្រណាំងឆ្លងកាត់ឧបស័គ្គ “Raid Amazons”ដ៏មានប្រជាប្រិយ ភាពនៃតំបន់អឺរ៉ុប ដោយអ្នក​ចូលរួមជាស្ត្រីទាំងអស់ តម្រូវឱ្យឆ្លងកាត់វិញ្ញាសារចំនួន៣ រួមមាន រត់ឆ្លងកាត់ឧបសគ្គ ប្រណាំងទូកកានូ ជិះកង់ នៅក្នុងតំបន់​រមណីដ្ឋានអង្គរ និងនៅតំបន់បឹងទន្លេសាប ដែលនឹងរៀប​ចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។

ជាការត្រៀមលក្ខណៈឱ្យបានល្អគ្រប់ជ្រុងជ្រោយ កាលពី​រសៀលថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៤គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធនានា ស្ដីពីការត្រៀម រៀបចំព្រឹត្តិការណ៍​ប្រកួត កីឡាចុងឆ្នាំ២០២៤ នៅតំបន់អង្គរ ខេត្តសៀមរាប ដើម្បីជំរុញកីឡាទេសចរណ៍ វប្បធម៌ ឱ្យកាន់តែមាន​ការទាក់​ទាញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់​ព័ន្ធក្នុងខេត្តសៀមរាបជាច្រើនរូប។

កិច្ចប្រជុំផ្តោតលើបង្កើតកិច្ចសហការរបស់រដ្ឋបាលខេត្ត និង​អង្គភាពពាក់ព័ន្ធ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរ របៀបរៀបរយ និងការអប់រំ ផ្សព្វផ្សាយលើព្រឹត្តិកាណ៍​កីឡា​ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានរលូន និងជោគជ័យ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.