នេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋដែលបានចូលរួមដំណើរទស្សនកិច្ចទៅឦសានផ្ទាល់។

បងស្រី គន្ធ ផារី បានលើកឡើងក្រោយពេលទៅបានឃើញបង្គោលព្រំដែនខ្មែរនៅតាមព្រំដែនដោយផ្ទាល់ភ្នែកថា ពីមុនលឺតែគេនិយាយថាវៀតណាមចូលដីយើង តែនៅពេលមកដល់ផ្ទាល់ យើងឃើញបង្គោលព្រំដែនយើងនៅដដែរ ដែលធ្វើអោយយើងជឿជាក់លើរដ្ឋាភិបាលក្នុងការការពារទឹកដី ផ្ទុយពីក្រុមប្រឆាំងនិយាយ។ ពោលគឺបានមកដល់ឃើញផ្ទាល់ភ្នែក ទើបដឹងការពិតជាក់ស្តែង។

ក្រៅពីនេះយើងឃើញប្រជាពលរដ្ឋដែលចូលរួមទស្សនកិច្ចមានទឹកមុខរីករាយនៅពេលបានឃើញបង្គោលព្រំដែនសរសេរជាអក្សរខ្មែរ ហើយគ្រប់ៗគ្នា ចង់ថតរូបទុកជាសាក្សីជាមួយបង្គោលព្រំដែនទឹកដីខ្មែរ។

ប្រជាពលរដ្ឋដែលចូលរួមដំណើរទស្សនកិច្ចទិសឦសានជើងទី៤ ក្នុងតម្រាយផ្លូវខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីសម្រាប់ថ្ងៃទី៥ និងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ មានគ្នាជាង ២០០នាក់បានធ្វើដំណើរក្នុងចំងាយផ្លូវជិត៦០០គីឡូម៉ែត្រដើម្បីចង់ដឹងការពិតទាក់ទងបង្គោលព្រំដែនទាំងនេះ។ ពេលបានឃើញបង្គោលព្រំដែនលេខ

៣៤ ភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាខណ្ឌសីម៉ាព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវ និងច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រមទាំងបង្គោលព្រំដែនលេខ ៣០ នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំប្រទល់កម្ពុជានិងវៀតណាម មក បានធ្វើអោយប្រជាពលរដ្ឋជឿជាក់យ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយមិនឱ្យបាត់បង់ទឹកដីសូម្បីតែមួយមិល្លីម៉ែត្រ។

មកដល់ត្រឹមនេះ បានធ្វើអោយប្រជាពលរដ្ឋយល់ហើយប្រាកដក្នុងចិត្តថាការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងជ្រុលនិយមជុំវិញបញ្ហាព្រំដែន គ្មានប្រសិទ្ធភាពទៀតនោះឡើយ, ពួកគាត់បានឃើញនឹងភ្នែកច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជាបានការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយអ្វីដែលក្រុមជ្រុលនិយមនិយាយពីបញ្ហាព្រំដែន និងការបំភ្លៃលើការបាត់បង់ទឹកដី គឺគ្រាន់តែជាការភូតកុហកដែលគេមិនដែលជឿម្តងណាឡើយ។

សូមបញ្ជាក់ថា នៅពេលក្រុមទស្សនកិច្ចធ្វើដំណើរដល់ខេត្តស្ទឹងត្រែង ត្រូវបានស្វាគមន៍ដោយឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដែលបានបញ្ជាក់ថា «ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងម្នាក់ជាអ្នកការពារព្រំដែនម្នាក់។ ដូច្នេះគ្មាននរណាអាចរំលោភបំពានបានទឹកដីខ្មែរបាននោះឡើយ»។ ឯកឧត្តមបានបង្ហាញអំពីការអភិវឌ្ឍរីកចម្រើនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងរួមមានទំនប់វារីអគ្គិសនីសេសានស្ពានឆ្លងកាត់ទន្លេមេគង្គ និងស្ពានឆ្លងកាត់ទន្លេសេកុង ។

ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ បន្ទាប់ពីប្រជាពលរដ្ឋបានយល់ដឹងអំពីការពិតនិងស្ថានភាពជាក់ស្តែងនៃ ការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។

ដំណើរទស្សនកិច្ចទៅឦសានរបស់ប្រជាពលរដ្ឋនេះក៏បានក្លាយទៅជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាដែលបានទៅដល់តំបន់ខ្សែក្រវ៉ាត់ព្រំដែនដោយផ្ទាល់រួចហើយ ដែលរៀបចំសម្របសម្រួលដោយក្រសួងព័ត៌មាន ហើយពេលត្រឡប់មកវិញបានចែករំលែកបទពិសោធន៍ល្អៗអំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយចំណេះដឹងទាក់ទងការងារការពារព្រំដែនយ៉ាងរឹងមាំ និងភាពសប្បាយរីករាយក្នុងដំណើរទស្សនកិច្ចប្រជាពលរដ្ឋនេះ ជូនទៅដល់មិត្តភក្រនិងសាច់ញាតិអោយបានដឹងគ្រប់ៗគ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.