ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានប្រកាសផ្អាកជើងហោះហើរទាំងអស់ទៅកាន់ទីក្រុងបៃរូត រដ្ឋធានីនៃប្រទេសលីបង់ រហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានចេញផ្សាយបានឱ្យដឹងថា ក្រុមហ៊ុនក៏បានប្រកាសថា ខ្លួនបានផ្អាកជើងហោះហើរទាំងអស់ទៅកាន់ទីក្រុងតេល អាវីវ ប្រទេសអ៊ីស្រាអែល រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។

យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការផ្តល់អាទិភាពដល់សុវត្ថិភាពអ្នកដំណើរ និងគោរពតាមការណែនាំពីអាជ្ញាធរពាក់ព័ន្ធ។ ក្រុមហ៊ុនបាននិយាយបន្ថែមទៀតថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះការអភិវឌ្ឍនៅក្នុងតំបន់ ហើយកំពុងទាក់ទងជាមួយអាជ្ញាធរពាក់ព័ន្ធ។

ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានសម្តែងការសោកស្តាយចំពោះភាព រអាក់រអួលដែលបណ្តាលមកពីការផ្អាកជើងហោះហើរ ប៉ុន្តែបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសុវត្ថិភាពអ្នកដំណើរជាអាទិភាពកំពូល។

ថ្មីៗនេះ ប្រទេសអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសទៅលើទីក្រុងបៃរូត និងជាយក្រុងរបស់ខ្លួន ដោយផ្តោតសំខាន់ទៅលើមន្ត្រី និងសម្ភារៈបរិក្ខាររបស់ក្រុមហេបូឡាហ៍៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.