កិចច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអ្នកតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) សម្រាប់ឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវកាលពីថ្ងៃទី០៦ ខែតុលា ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូត បូវ៉ុនថាត ដួងចាក(Bovonthat Duangchack) អ្នកតំណាងអចិន្ត្រៃយ៍នៃប្រទេសឡាវប្រចាំអាស៊ាន។

អ្នកចូលរួមកិច្ចប្រជុំនោះ រួមមានអ្នកតំណាងអចិន្ត្រៃយ៍នៃរដ្ឋជាសមាជិកអាស៊ាន អ្នកតំណាងមកពីប្រទេសទីម័រឡេស្តេក្នុងនាមជាអ្នកសង្កេតការណ៍ និងមន្ត្រីមកពីលេខាធិការដ្ឋានអាស៊ាន។

អង្គប្រជុំបានពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗមួយចំនួន ដោយផ្តោតជាពិសេសទៅលើការរៀបចំឯកសារសំខាន់ៗ ដើម្បីបង្ហាញជូនមេដឹកនាំអាស៊ានសម្រាប់ការពិចារណា និងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ នាពេលខាងមុខ រួមទាំងសេចក្តីព្រាងសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា សេចក្តីព្រាងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ សេចក្តីព្រាងសេចក្តីថ្លែងការនៃកិច្ចសន្ទនាអាស៊ាន-ចិន សេចក្តីព្រាងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២៥ និងសេចក្តីព្រាងឯកសារសម្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៩។

លើសពីនេះទៀត កិច្ចប្រជុំនោះបានពិនិត្យមើលទៅលើវឌ្ឍនភាពការងាររបស់សហគមន៍អាស៊ាន កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការខាងក្រៅ និងការត្រៀមលក្ខណៈជារួមសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា នៅទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ ក្រោមប្រធានបទ «អាស៊ាន៖ ការលើកកម្ពស់ការតភ្ជាប់ និងភាពធន់»៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.