ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមវិនិយោគដ៏ធំមួយដែលមានតម្លៃ ២,៦៨ទ្រីលានបាត ដើម្បីគាំទ្រដល់ការដឹកជញ្ជូនប្រកបដោយចីរភាព។

គម្រោងនេះនឹងផ្តោតសំខាន់ទៅលើការពង្រីកបណ្តាញផ្លូវដែក ធ្វើឱ្យប្រសើរឡើងនូវអាកាសយានដ្ឋានសំខាន់ៗ និងលើកកម្ពស់ការដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយការកកស្ទះផ្លូវថ្នល់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបានចំនួន ៤៥,៦លានតោននៅត្រឹមឆ្នាំ២០៣០។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃផែនការសកម្មភាពដែលបានកំណត់ថ្នាក់ជាតិ (NDC) សម្រាប់ឆ្នាំ២០២១–២០៣០ ស្របតាមគោលដៅអាកាសធាតុរបស់ប្រទេសថៃ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោក ប៉ាន់យ៉ា ជូប៉ានីជ (Panya Chupanich) ប្រធានការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ បាននិយាយថា ក្រសួងកំពុងផ្តល់អាទិភាពដល់ការបំពាក់ប្រព័ន្ធអគ្គិសនីនៃការដឹកជញ្ជូនសាធារណៈ។ ផែនការនេះរួមមានការដាក់ឱ្យប្រើប្រាស់រថយន្តក្រុងអគ្គិសនីចំនួន ៣.១០០គ្រឿងនៅក្នុងទីក្រុងបាងកកនៅត្រឹមចុងឆ្នាំនេះ ជាមួយនឹងចំនួនបន្ថែម ១.៥២០គ្រឿងដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅត្រឹមឆ្នាំ២០២៥។

ក្រសួងក៏កំពុងពង្រីកបណ្តាញរថភ្លើងអគ្គិសនីនៅក្នុងទីក្រុងបាងកក និងតំបន់ទីប្រជុំជនរបស់ខ្លួនផងដែរ ដោយមានគោលដៅគ្របដណ្តប់លើផ្លូវដែកប្រវែង ៥៥៤គីឡូម៉ែត្រត្រឹមខែកញ្ញា ឆ្នាំ២០២៥។ គម្រោងផ្លូវដែកសំខាន់ៗរួមមាន ការពង្រីកផ្លូវរថភ្លើងពីរផ្លូវ និងការតភ្ជាប់រថភ្លើងល្បឿនលឿន។ គំនិតផ្តួចផ្តើមគួរឱ្យកត់សម្គាល់នេះរួមមាន ផ្លូវរថភ្លើងល្បឿនលឿនបាងកក-នគររាជសីមា និងគម្រោងផ្លូវដែកល្បឿនលឿនចំនួនបីដែលតភ្ជាប់អាកាសយានដ្ឋានដុនមឿង សុវណ្ណភូមិ និងអាកាសយានដ្ឋានអ៊ូតាប៉ាវ។

ក្រសួងក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនផ្លូវដែកធុនស្រាលនៅក្នុងទីក្រុងសំខាន់ៗក្នុងខេត្តឈៀងម៉ៃ ខេត្តខនកេន និងខេត្តភូកេតជាដើម។ ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកភស្តុភារ ក្រសួងបានបញ្ចប់រួចរាល់ហើយនូវផ្លូវរថភ្លើងពីរផ្លូវប្រវែង ៤.០៤៤គីឡូម៉ែត្រ ហើយគ្រោងនឹងបន្ថែមប្រវែង ១.៤៧៩គីឡូម៉ែត្រនៅត្រឹមឆ្នាំ២០២៩។ ប្លង់រថភ្លើងល្បឿនលឿននេះមានភ្ជាប់ផ្លូវអាកាសបីផ្លូវ ដែលមានប្រវែង ២២០គីឡូម៉ែត្រ ជាមួយនឹងថវិការចំនួន ២២៦,៧ប៊ីលានបាត និងផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិនពីបាងកកទៅកាន់ខេត្តនគររាជសីមា ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.