លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិ​កំចាត់​​រោគរបេង និងហង់សិន (CENAT) មានប្រសាសន៍ថា កម្ពុជា​មាន​អត្រាព្យាបាលជោគជ័យនៃជំងឺរបេងរក្សាបានខ្ពស់ជាង៩០% ក្នុងរយៈ​ពេល២៤ ឆ្នាំជាប់ៗគ្នា។ ពោលក្នុងឆ្នាំ២០២៣ កម្មវីធីជាតិកំចាត់រោគ​របេងសម្រេចបានអត្រាព្យាបាលជោគជ័យ៩៦% ដែលលើសពីគោល​ដៅចំណុចប្រចាំឆ្នាំកំណត់ត្រឹមតែ ៩០%។ នេះបង្ហាញថាកម្ពុជាបាន​ចាកចេញពីប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់នៅលើពិភពលោក។

ការអះអាងនេះនៅក្នុងវេទិកា​ពិភាក្សាតុមូលស្តីពី «លើកកម្ពស់ការយល់​ដឹងអំពីជំងឺរបេង និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាន​នៅកម្ពុជា» នៅសណ្ឋាគារ​ពូលូវ៉ៃ រាជធានីភ្នំពេញ ដែលរៀបចំក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយអង្គការខាណាកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិតបន្តថា បើទោះបីជាទទួលបានជោគជ័យយ៉ាងនេះ​ក៏ដោយ ក៏កម្មវិធីជាតិកំចាត់រោគរបេង នៅមានកិច្ចការជា​ច្រើនទៀត​ដែលត្រូវបំពេញទៅថ្ងៃអនាគតពិសេសដើម្បីរួមចំណែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

មន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននៃ​ក្រសួងសុខាភិបាល អង្គការខាណាកម្ពុជា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៦៨នាក់ មកពី៥៣ស្ថាប័នដើម្បីស្វែងយល់អំពី​ទំហំនៃបញ្ហាប្រឈម និងផលវិបាកនៃជំងឺរបេងរួម​ទាំងស្ថាន​ភាពនៃ​ជំងឺរបេងនៅកម្ពុជា និងពិភពលោកសំដៅលើកទឹកចិត្តដល់អ្នក​សារព័ត៌មានចូលរួមចំណែកផ្សព្វ ផ្សាយបន្តនូវសារ​អំពី​ជំងឺរបេ​ង​ក្នុងដំណើរការបញ្ចប់ជំងឺរបេងនៅកម្ពុជានាឆ្នាំ២០៣០។

បើតាមលោកវេជ្ជបណ្ឌិត នូ ចាន់លី បញ្ជាក់ន្ថែមថា អត្រាស្លាប់ ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី ៤២ករណី ក្នុង​ចំណោម​ប្រជាជន១សែននាក់ ក្នុងឆ្នាំ២០០០ មកត្រឹមតែ ២៣ករណី ក្នុងចំណោមប្រជាជន ១សែននាក់ នៅឆ្នាំ២០២២ ដែល​ស្មើនឹង​ការធ្លាក់ចុះ ៤៥%។ អត្រាអាំងស៊ីដង់ ក៏បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១សែននាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ ករណី ក្នុងចំណោមប្រជាជន ១សែននាក់នៅឆ្នាំ២០២២ ដែលស្មើ​នឹងការធ្លាក់ចុះ ៤៥% ផងដែរ។

ចំណែកលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន (CENAT) បានបន្ថែមថា របេង ជាជំងឺឆ្លងមិនមែនជាជំងឺតពូជនោះទេ។ ជំងឺរបេង បង្កឡើងដោយ​មេរោគរបេង ឬបេកា (BK= Bacille de Kock) ឬ (MTB= Mycobacterium Tuberculosis)។ លក្ខណៈរបស់វា គឺការកើត​មានដំបៅនៅក្នុងជាលិកា ជាពិសេសនៅក្នុងសួត។លោក​វេជ្ជ​បណ្ឌិតបញ្ជាក់ថា ជំងឺរបេង ជាជំងឺអាចបង្ការ និងអាចព្យាបាលជាសះ​ស្បើយ ដូច្នេះសូមកុំឱ្យមានការរើស​អើងចំពោះអ្នក​ផ្ទុកជំងឺរបេង។

ចំណែកលោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា បញ្ជាក់ថា ការស្វែងរកការព្យាបាលជំងឺរបេង ដោយឥតគិតថ្លៃ ពិតជាមានសារៈ​សំខាន់ ដើម្បីកុំឱ្យជំងឺនេះឆ្លងទៅសមាជិកគ្រួសារ និងមនុស្ស​ជុំវិញខ្លួន។

សូមជម្រាបថា នៅក្នុងផែនការយុទ្ធសាស្រ្តជាតិកម្ពុជាដើម្បីបបញ្ចប់​ជំងឺរបេង ២០២១-២០៣០ កម្ពុជាគ្មានជំងឺរបេង (សូន្យស្លាប់ សូន្យឈឺ និងគ្មានការឈឺចាប់ដោយសារជំងឺរបេង) នឹងរួមចំណែកដល់គោលដៅ​អភិវឌ្ឍន៍​ជាតិនៃប្រជាជនដែលមានសុខភាពល្អ និងផលិតភាព​សេដ្ឋកិច្ច ដើម្បីធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទន្ទឹមគ្នានេះ ដើម្បីកាត់​បន្ថយអត្រា​កើតជំងឺរបេង តាមការប៉ាន់ប្រមាណបាន៨០% និងកាត់បន្ថយ​អត្រាមរណៈ៩០% នៅឆ្នាំ២០៣០ ធៀបទៅនឹង​ឆ្នាំ២០១៥៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.