រដ្ឋមន្ត្រីក្រសួងព័ត៌មានមីយ៉ាន់ម៉ា លោក មឿង មឿង អន (Maung Maung Ohn) បានប្រាប់សារព័ត៌មានតាសស៍ (TASS) នៅក្រៅកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយប្រ៊ីកស័ (BRICS Media) ថា ប្រទេសមីយ៉ាន់ម៉ាចង់ចូលរួមក្នុងក្រុមប្រទេសប្រ៊ីកស៍ (BRICS) ក្នុងនាមជាប្រទេសសង្កេតការណ៍មួយ។

លោកបាននិយាយបន្តថា «យើងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយការធ្វើសមាហរណកម្មក្នុងនាមជាប្រទេសសង្កេតការណ៍ដោយមិនមែនជាសមាជិកពេញលេញ»។

លោករដ្ឋមន្ត្រីបាននិយាយបន្ថែមថា អាជ្ញាធររបស់ប្រទេសនឹងចាប់អារម្មណ៍ចូលរួមក្នុងកិច្ចប្រជុំកំពូលប្រ៊ីកស៍ នៅទីក្រុងកាហ្សាន់ បើទោះបីជាពួកគេមិនទាន់បានទទួលការអញ្ជើញក៏ដោយ។ លោកបានកត់សម្គាល់ថា «នៅពេលអនាគត យើងចង់ដាក់ពាក្យសុំចូលជាសមាជិកភាពពេញលេញនៅក្នុងក្រុមប្រទេសសមាហរណកម្មមួយនេះ។ ប្រទេសជាច្រើនបានដាក់ពាក្យរួចហើយនៅក្នុងតំបន់របស់យើងនៅអាស៊ីអាគ្នេយ៍ ហើយយើងចង់ធ្វើវាដូចគ្នាដែរ»។

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយប្រ៊ីកស៍លើកទី៧ កំពុងដំណើរការនៅទីក្រុងមូស្គូចាប់ពីថ្ងៃទី១៣-១៧ ខែកញ្ញា ដោយមានប្រធាន និងអ្នកឯកទេសនាំមុខនៃបណ្តាញផ្សព្វផ្សាយជាង៦០ មកពី ៤៥ប្រទេសចូលរួម។ កិច្ចប្រជុំកំពូលត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី តាសស៍ ដែលបានប្រារព្ធខួបលើកទី១២០ របស់ខ្លួនកាលពីថ្ងៃទី១ ខែកញ្ញា។

ជាលើកដំបូងដែលមិនធ្លាប់មាន កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយនេះត្រូវបានប្រារព្ធឡើងជាទម្រង់ថ្មីនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយប្រ៊ីកស៍ ដែលជាវេទិកាមិនមែនរដ្ឋាភិបាល មិនមែនពាណិជ្ជកម្មសម្រាប់កិច្ចសន្ទនាក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយនាំមុខគេនៃរដ្ឋជាសមាជិកប្រ៊ីកស៍។

វេទិកាប្រព័ន្ធផ្សព្វផ្សាយប្រ៊ីកស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ តាមគំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងាសារព័ត៌មានស៊ីនហួរបស់ប្រទេសចិន ហើយចាប់តាំងពីពេលនោះមកត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំដោយប្រទេសដែលកាន់តំណែងជាប្រធានវិលជុំរបស់ក្រុមប្រទេសប្រ៊ីកស៍។ ប្រទេសរុស្ស៊ីបានកាន់តំណែងជាប្រធានក្រុមប្រទេសនេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៕

ប្រភព​៖ ក្រសួងព័ត៌មាន

Share.

Comments are closed.