នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បាននិយាយថា ប្រទេសចិន និងអារ៉ាប៊ីសាអូឌីត នឹងពង្រឹងបន្ថែមទៀតនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្ពស់តាមរយៈដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ។

លោក លី បានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលលើកទី៤ នៃគណៈកម្មាធិការចម្រុះចិន-អារ៉ាប៊ីសាអូឌីត និងបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី លោក ម៉ូហាមមេដ ប៊ីន សាលម៉ា អាល់សូដ (Mohammed bin Salman Al Saud)។

ដោយកត់សម្គាល់ពីទំនាក់ទំនងមិត្តភាពប្រពៃណីដែលចាក់ឫសយ៉ាងជ្រៅរវាងប្រទេសចិន និងអារ៉ាប៊ីសាអូឌីត លោក លី បាននិយាយថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតកាលពី ៣៤ឆ្នាំមុនតាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងចិន-អារ៉ាប៊ីសាអូឌីតសម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿន ហើយទទួលបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

លោក លី បាននិយាយថា នៅខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចូលរួមកិច្ចប្រជុំកំពូលចិន-អារ៉ាប់ និងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការចិន-ឈូងសមុទ្រ (GCC) និងបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអារ៉ាប៊ីសាអូឌីត។

នាយករដ្ឋមន្ត្រីចិនបាននិយាយថា អស់រយៈពេលជាងមួយឆ្នាំ ភាគីទាំងពីរបានអនុវត្តន៍យ៉ាងសកម្មនូវលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ បន្តពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលលើកិច្ចការតំបន់ និងអន្តរជាតិ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អារ៉ាប៊ីសាអូឌីត។

លោក លី បាននិយាយថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកនឹងមានការពិភាក្សាស៊ីជម្រៅជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី ស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាកង្វល់រួមផ្សេងទៀត ដើម្បីពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.