“កម្ពុជា និងគុយបា នឹងសហការគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបាននិងកំពុងជះឥទ្ធិពលដល់សង្គម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ”។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង លោកជំទាវ សុខមុំ និមល អគ្គនាយិកា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត សាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ សុខមុំ និមល បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ AKP ដែលជាទីភ្នាក់ងារផ្លូវការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា ជាពិសេសតាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ហើយ AKP ក៏ត្រៀមបង្កើនកិច្ចសហការជាមួយ ទីភ្នាក់ងារសារព័ត៌មាន Prensa Latina របស់គុយបា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាំងក្នុងកម្រិតតំបន់ និងពិភពលោក។

លោកជំទាវ អគ្គនាយិកា ក៏បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងការផ្សព្វផ្សាយពីគ្នាទៅវិញទៅមកនូវព័ត៌មានពិត ជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ របស់ ទីភ្នាក់ងារ AKP និងទីភ្នាក់ងារ Prensa Latina ដើម្បីជំរុញឱ្យប្រជាជននៃប្រទេសទាំងពីរបានដឹងពីស្ថានភាពពិតប្រាកដ ដែលកំពុងកើតឡើងនៅក្នុងប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកជំទាវ Milena Caridad Zaldivar Piedra បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារ AKP ដែលបានផ្សព្វផ្សាយនូវព័ត៌មានពិត ដែលកំពុងកើតឡើងនៅក្នុងប្រទេសគុយបា និងស្នើឱ្យ AKP បន្តការផ្សព្វផ្សាយនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ប្រជាជន និងប្រជាជន ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

បន្ថែមពីលើនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យ AKP បន្តផ្សព្វផ្សាយពីការខិតខំប្រឹងប្រែងរបស់ប្រទេសគុយបា ដើម្បីបានចាកចេញពីប្រទេសដែលត្រូវបានហ៊ុព័ទ្ធដោយទណ្ឌកម្មសេដ្ឋកិច្ច និងអាចអភិវឌ្ឍប្រទេស ឈានទៅរកសន្តិភាពពេញលេញ ដូចប្រទេសកម្ពុជា។

ភាគីទាំងពីរ ក៏បានអបអរសាទរ និងគូសបញ្ជាក់អំពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងគុយបា ដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលជាមរតករបស់សម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) នរោត្តម សីហនុ និងឯកឧត្តម Fidel Castro។ តាមរយៈកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាង AKP និង Prensa Latina ភាគីទាំងពីរជឿជាក់ថា ព័ត៌មានពិតដែលបាននិងកំពុងកើតឡើងនៅប្រទេសទាំងពីរនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.