ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងថា ក្រុមការងារក្រសួងព័ត៌មានបានរៀបចំរួចរាល់ហើយសម្រាប់ការត្រៀមចេញដំណើរទស្សនកិច្ចថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ដែលមានចំនួន២០០នាក់ ខណៈប្រជាពលរដ្ឋផ្សេងទៀតចំនួនជាង៨០០នាក់បានចុះឈ្មោះសម្រាប់កម្មវិធីទស្សនកិច្ចថ្ងៃទី២១ និងទី២៨ ខែកញ្ញា ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ។

បើតាមអ្នកនាំពាក្យក្រសួងព័ត៌មានថា សន្ទុះនៃការចុះឈ្មោះចូលរួមដ៏ច្រើនកុះករបន្ថែមទៀតនាពេលនេះ គឺដោយសារមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសកម្មភាពនានានៃទស្សនកិច្ចលើកទី១ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ក្រោយពួកគេទទួលបាននូវបទពិសោធន៍ដ៏ល្អពីដំណើរទស្សនកិច្ចនេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសានកាលពីថ្ងៃទី៧កញ្ញបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា នៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសានបានទទួលការចាប់អារម្មណ៍ខ្ពស់ពីសាធារណជន។

ដំណើរទស្សនកិច្ចពលរដ្ឋនេះបានបង្ហាញនូវភាពពិត និងស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន ការការពារអធិតេយ្យភាពជាតិនិងបូរណភាពទឹកដីដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពីភាពរីកចម្រើនជាក់ស្តែងយ៉ាងច្រើនខាងផ្នែកសង្គម-សេដ្ឋកិច្ច ទាំងការអភិវឌ្ឍផ្នែកជីវភាពរស់នៅនិងសុខសុវត្ថិភាពក្នុងសហគមន៍មូលដ្ឋាន និងការរីកចម្រើនខាងវិស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់ក្រវ៉ាត់ព្រំដែន។ សូមរំលឹកថា ទស្សនកិច្ចនេះបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់។ បន្ទុកលើការចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ។ ដំណើរទស្សនកិច្ចនេះ បានកើតឡើងជាការឆ្លើយតបចំពោះក្រុមប្រឆាំងដែលឃោសនាបំភ្លៃការពិតថា កិច្ចព្រមព្រៀងតំបន់អភិវឌ្ឃន៍បានធ្វើអោយខ្មែរបាត់បង់ដី៤ខេត្តទៅវៀតណាមនោះ៕

ប្រភព ក្រសួងព័ត៌មាន

Share.

Comments are closed.