សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា សម្រាប់អាស៊ាន សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋាន សម្រាប់អ្វីៗទំាងអស់ និងគ្រប់យ៉ាង ហើយសម្រាប់ផ្ទៃក្នុងអាស៊ានគឺអាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតរមួត ដោយសារតែគោលការណ៍សំខាន់ពីរ គឺ ការសម្រេចដោយកុងសង់ស៊ីស និង ការមិនជ្រៀតជ្រែកប្រទេសផងគ្នា ហើយមួយវិញទៀតប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ដែលទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាដើម។ ការលើកឡើងរបស់សម្ដេចតេជោនេះ តាមរយៈសុន្ទរកថាពិសេសក្រោមប្រធានបទ (មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាននិងវិបុលភាពក្នុងអាស៊ាន) ដែលថ្លែងក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ នារសៀថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៤។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកុងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះហើយគឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា ដែលចង់ជំរុញនៃការការពារសន្តិភាព និងអធិបតេយ្យជាតិ និងចង់ស្វែងរកច្រកទ្វារទៅកាន់ពិភពលោក ឱ្យកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានថ្លែងទៅកាន់អង្គវេទិកាថា ក្នុងរយៈពេល៦០ឆ្នាំមកនេះអាស៊ានបានជួបបញ្ហាជាច្រើន ប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និងរឹងមាំកាន់តែខ្លាំងឡើង ដោយប្រទេសជាច្រើនចង់បានអាស៊ានធ្វើជាដៃគូចង់ប្រើប្រាស់វេទិកាជាទៀងទាត់ដែលដឹកនាំដោយអាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈភាពអាស៊ាន និងអំណាចកោះប្រជំរបស់អាស៊ានដែលមានឥទ្ធិពលប្រមូលផ្តុំគ្រប់តួអង្គសំខាន់ៗនៅក្នុងពិភពលោក។ ជាក់ស្តែងកន្លងមកនេះមានប្រទេស៥៤ប្រទេសហើយ ដែលបានក្លាយទៅជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមាន ស្ថានទូតប្រចាំនៅតំបន់អាស៊ានរហូតដល់៩៥ប្រទេសផងដែរ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា គូសបញ្ជាក់ទៀតថា អាស៊ានបានទាក់ទាញវិនិយោគ និងដៃគូពីខាងក្រៅមកវិនិយោគយ៉ាងច្រើន ដោយពុំមានថមថយនោះទេគឺមានតែការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចតេជោបន្តថា បើទោះបីពេលខ្លះ នៅក្នុងបរិបទសកល បានជួបប្រទះនូវការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ បានក្លាយពីតំបន់ដែលរងការអភិវឌ្ឍទៅជាតំបន់ដែលជួយដឹកនាំកំណើនសេដ្ឋកិច្ចតំបន់ និងសកលផងដែរ។ សម្តេចតេជោបានបញ្ជាក់បន្ថែម ពីភាពខ្លាំងរបស់អាស៊ាន ដែលបានផ្តល់អាទិភាពខ្ពស់បំផុតទៅដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាពិសេសការបង្កើតឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជាច្រើនដូចជា កូរ៉េ ចិន ជប៉ុន អូស្ត្រាលីជាដើម និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលទាំងអស់នេះ កម្ពុជាគាំទ្រជានិច្ច ដល់ពហុភាគី និយម ដោយសេរី បើកចំហរ មានបរិយាបន្ន និងតម្លាភាពដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានអះអាងដែរថា ជាងនេះទៀត អាស៊ានក៏បាននិងកំពុងខិតខំគិតគូរ ស្វែងរកប្រភពកំណើនថ្មី ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ឱ្យកាន់តែប្រសើរ ពីការតភ្ជាប់វិទ្យាសាស្ត្របច្ចេកវិទ្យា ដែលតំបន់អាស៊ានបន្តសម្រេចបានមិនត្រឹមតែកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងមានភាពធន់និងមានជីវភាពកំណើនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.