កម្ពុជា ចិន បើកការតាំងពិព័រណ៍រូបថត ស្តីពី «សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន» ដើម្បីបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។ ការតាំងពិព័រណ៍រូបថតនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គររីសត ក្រុងសៀមរាប ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិត-ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក នាយកប្រតិបត្តិក្រុមហ៊ុន CICG លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍ នៅក្នុងពិធីបើកការតាំងពិព័រណ៍កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញានេះថា ការរៀបចំនូវព្រឹត្តិការណ៍នេះពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន China International Communication Group (CICG) ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតីមិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្តែង ក៏ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាងនេះទៀត ព្រឹត្តិការណ៍នេះជួយចូលរួមចំណែកយ៉ាងសកម្មដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» ។

ឯកឧត្តម សុខ សូកេន បន្តថា ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ តាមការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ក្រសួងទេសចរណ៍បានកំណត់ចក្ខុវិស័យច្បាស់លាស់ គឺ «ដើម្បីរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងភាពធន់នៃកម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ»។ ដើម្បីសម្រេចចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍បាននិងកំពុងកសាង និងធានាបាននូវស្ថានភាពអំណោយផលដល់កម្ពុជាក្នុងការប្រែក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ឧត្តមភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក៏ដូចជាធានាប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារ អន្តរវិស័យនិងតួអង្គពាក់ព័ន្ធ តាមរយៈការដាក់ចេញគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ និង អភិវឌ្ឍ៣» ឬហៅកាត់ថា “BUILD + 3Ds” ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) អគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន មានការផ្លាស់ប្តូរនិងដំណើរទស្សនកិច្ចជាច្រើនដែលបានបើកសករាជថ្មីនៃការរៀនសូត្រពីគ្នាទៅវិញទៅមក។ ដោយឆ្លងកាត់ដំណើរព្យុះភ្លៀង និងកិច្ចសហការរួមគ្នា ឆ្នាំ២០២៤គឺជាឆ្នាំដំបូងដើម្បីអនុវត្តសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មីហើយវាក៏ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិនផងដែរ។សព្វថ្ងៃការកសាងសហគមន៍ដែលមានអនាគតរួមគ្នារវាងកម្ពុជា និងចិនទទួលបានលទ្ឋផលជាផ្លែផ្កា ទំនាក់ទំនងមិត្តភាពជាប្រពៃណីកាន់តែរឹងមាំនិងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Du Zhanyuan ប្រធាននាយកដ្ឋានកិច្ចការកម្មសិទ្ធិបោះពុម្ពផ្សាយ ភាសាបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន (CICG) បានលើកឡើងថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

លោកបានបន្តថា ជាក់ស្តែងការបើកពិព័រណ៍នាពេលនេះ ក៏ជាការបង្ហាញឲ្យឃើញពីចំណងទំនាក់ទំនងរវាងចិន កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក ជាពិសេសប្រទេសចិន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.