ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទ បានថ្កោលទោសរបាយការណ៍របស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះស្តីពីការរំលោភសិទ្ធិមនុស្សរបស់ខ្លួនថា ជាឯកសារ «ប្រឌិត និងបំភ្លៃ» ពីស្ថានភាពសិទ្ធិរបស់ទីក្រុងព្យុងយ៉ាង។

នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិបច្ចុប្បន្នភាព ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូនីញ៉ូ ហ្គូធឺរេស (Antonio Guterres) បានផ្តល់អនុសាសន៍ឱ្យប្រទេសកូរ៉េខាងជើងស៊ើបអង្កេត កាត់ទោស និងរកយុត្តិធម៌ដល់អ្នក ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស។ របាយការណ៍នេះនឹងត្រូវបញ្ជូនទៅមហាសន្និបាតអង្គការសហប្រជាជាតិ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឱ្យដឹងថា លោក គីម សុនយ៉ុង (Kim Son-gyong) អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បាននិយាយថា កងកម្លាំងរបស់សត្រូវបានប្រឌិតរបាយការណ៍នេះ ក្នុងគោលបំណងបង្កាច់បង្ខូចប្រទេសកូរ៉េខាងជើង និងធ្វើឱ្យខូចកេរ្ដិ៍ឈ្មោះរបស់ខ្លួន។

លោក គីម បាននិយាយថា «ខ្ញុំសូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះចំណាត់ការរបស់កងកម្លាំងសត្រូវ ដែលបង្កាច់បង្ខូចកិត្តិយស និងប្រព័ន្ធរដ្ឋាភិបាលរបស់ប្រទេសយើង ក្នុងនាមអង្គការសហប្រជាជាតិថា ជាការញុះញង់ផ្នែកនយោបាយ និងជាទង្វើរំលោភលើអធិបតេយ្យភាពដែលយើងមិនអាចអត់ឱនឱ្យបាន»។

លោក គីម បាននិយាយថា អង្គការសហប្រជាជាតិគួរតែដោះស្រាយបញ្ហាជាបឋមជាមួយនឹងការរំលោភសិទ្ធិមនុស្សរបស់ទីក្រុងវ៉ាស៊ីនតោន មុនពេលបរិហារពីបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសកូរ៉េខាងជើង ដោយលោកបានអះអាងថា ឧក្រិដ្ឋកម្មដ៏គួរឱ្យស្អប់ខ្ពើម និងអំពើអមនុស្សធម៌ផ្សេងទៀតត្រូវបានប្រព្រឹត្តនៅសហរដ្ឋអាមេរិក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.