សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ការចូលរួមចំណែករបស់មិត្តចិន ក្នុងការជួយគាំទ្រដល់កម្ពុជា សម្រាប់ការអភិវឌ្ឍប្រទេស សេដ្ឋកិច្ច-សង្គម សន្តិសុខ គឺជាការចូលរួមមួយដ៏សំខាន់ ដែលជំរុញ និងលើកកម្ពស់ដល់ឯករាជ្យភាពផ្នែកនយោបាយ និងអធិបតេយ្យភាពរបស់កម្ពុជា។

ប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ថ្លែងទៅកាន់គណៈប្រតិភូចិន ដឹកនាំដោយលោកជំទាវ ចុង មីង (Zong Ming ) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ ប្រទេសចិន ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី៣ ខែកញ្ញានេះ។

តាមប្រសាសន៍របស់ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនេះ បានឱ្យដឹងថា ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជាសម្រាប់ការអភិវឌ្ឍ ប្រទេស សេដ្ឋកិច្ច-សង្គម សន្តិសុខ ក្នុងនោះផ្លូវ ស្ពាន សាលារៀន វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ ក៏ជាចំណែកនៃការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលចិន។ «មិនថា ជាការវិនិយោគ ឬ ប្រាក់ជំនួយរបស់ចិននោះទេ គឺមិនដែលមាន លក្ខខណ្ឌភ្ជាប់មកជាមួយ ដែលតម្រូវឱ្យកម្ពុជាត្រូវតែធ្វើនេះធ្វើនោះទេ ដោយកម្ពុជាមានឯករាជ្យភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្តតាមបរិបទរបស់ខ្លួនឯង»។ សម្តេចរដ្ឋសភាធិការធិបតី បានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការគាំទ្រនូវគោលនយោបាយចិនតែមួយ។ ការព្យាយាមបំបែកនូវតំបន់ផ្សេងរបស់ចិនដូចជា៖ នៅតំបន់ទីបេ ស៊ីនជាំង កោះតៃវ៉ាន់ ហុងកុង ជាការជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ចិន។

លោកជំទាវ ចុង មីង បានបញ្ជាក់នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយនៅក្នុងនោះ លោកជំទាវ បានសន្យាជំរុញកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ(កម្ពុជា-ចិន) បានដាក់ចេញកន្លងមក ក្នុងគោលបំណងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាពិសេសកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, កិច្ចសហប្រតិបត្តិការច្រករបៀងឧទ្យានឧស្សាហកម្ម និងបច្ចេកវិទ្យា, កិច្ចសហប្រតិបត្តិការច្រករបៀងមច្ឆា និងអង្ករ ដើម្បីជាការបង្ហាញអំពីសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ លោកជំទាវ បានគោរពអញ្ជើញសម្តេចមហារដ្ឋសភាធិការធិបតី ទៅបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ គ្រាដែលតំបន់ស្វ័យតមួយនេះពោរពេញទៅដោយសក្តានុពលសេដ្ឋកិច្ច និងវិនិយោគដូចជាមានកំពង់ផែអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ជាដើម។

សូមបញ្ជាក់ថា នៅខែកញ្ញានេះ សម្ដេចប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូសភាទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដែលនៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចរដ្ឋសភាធិការធិបតី គ្រោងនឹងជួបថ្នាក់ដឹកនាំរបស់សភាចិន ដែលជាសមភាគី ដើម្បីពិភាក្សាការងារ និងមានការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា ដើម្បីធ្វើបច្ចុប្បន្នភាព នៃទំនាក់ទំនងគ្នាឡើងវិញ បន្ទាប់ពីបានធ្វើម្តងរួចមកហើយនៅឆ្នាំ២០០៧។ កិច្ចព្រមព្រៀង ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញនោះ មានទាំងកម្រិតថ្នាក់ដឹកនាំសភា និងថ្នាក់អគ្គលេខាធិការដ្ឋាននៃស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.