សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។ ក្នុងជំនួបនេះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្តែងនូវក្តីរីករាយ ដែលបានជួបជាមួយ ឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា មុននឹងឯកឧត្តមត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ក្រោយចប់អាណត្តិការទូតនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណចំពោះសម្ដេចប្រមុខរដ្ឋស្ដីទី ដែលបានផ្ដល់ឱកាសឱ្យឯកឧត្តមបានចូលជួបជម្រាបលានាពេលនេះ។ ឯកឧត្តម សូមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ សម្តេច ជាថ្មីម្តងទៀតដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាក្នុងនីតិកាលទី៥នេះ។ ក្នុងរយៈពេលជិត២ឆ្នាំនៃអាណត្តិការទូតរបស់ឯកឧត្តម ឯកឧត្តមបានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នានិងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃ។

ឯកឧត្តម បានបញ្ជាក់ថាប្រទេសយើងទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ។ ឯកឧត្តម ក៏បានសម្តែងនូវក្តីរីករាយ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មដែលត្រូវបានពង្រីកគួរឱ្យគាត់សម្គាល់។ ឯកឧត្តមសង្ឃឹមថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត។ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជាជាដៃគូផ្នែកពាណិជ្ជកម្ម ហើយចំនួនទេសចរថៃជាប់លំដាប់ទី១ ហើយសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាបន្តទៀត ជាពិសេសទៅកាន់ខេត្តសៀមរាប។

ឯកឧត្តមក៏បានមានប្រសាសន៍ពីភាពរីកចម្រើនច្រើនផងដែរលើវិស័យអប់រំ ដែលរាជរដ្ឋាភិបាលថៃ បានផ្ដួចផ្ដើមកសាងអាគារបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលកំពង់ឈើទាលខេត្តកំពង់ធំ និងនៅខេត្តកំពង់ស្ពឺជាដើមនោះ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានថ្លែងអរគុណចំពោះ អ្វីដែលឯកឧត្តមឯកអគ្គរាជទូតបានលើកឡើង ជុំវិញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ សម្ដេច ពិតជារីករាយដែលទំនាក់ទំនងប្រទេសយើងទាំងពីរបានរីកលូតលាស់ ព្រមទាំងអរគុណឯកឧត្តមឯកអគ្គរាជទូត ដែលបានសម្របសម្រួលលើដំណើរទស្សនកិច្ចរបស់ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីថៃមកកាន់ព្រះរាជាណាចក្រកម្ពុជា និងតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ព្រះរាជាណាចក្រថៃកន្លងទៅនេះ ដែលយើងបានលើកម្ពស់ទំនាក់ទំនងដល់ភាពជាដៃគូយុទ្ធសាស្ត្រ។ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា យើងជាប្រទេសជិតខាងនឹងគ្នាដែលមានវប្បធម៌ និងទំនៀមទម្លាប់ស្រដៀងគ្នា។

សម្ដេចក៏បានអរគុណដល់ប្រទេសថៃដែលក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ ការទៅមករកគ្នារវាងប្រទេសទាំងពីរ យើងត្រូវតែបើកទូលាយបន្ថែមទៀត ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរមានឱកាសទៅធ្វើទស្សនកិច្ចស្វែងយល់ផ្សេងៗ ក៏ដូចជាការទៅពិនិត្យព្យាបាលជំងឺជាដើម។ ក្នុងនោះ ប្រទេសថៃបានក្លាយទៅបង្អែកដ៏សំខាន់សម្រាប់ប្រទេសជិតខាងដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា ដើម្បីស្វែងរកសេវាព្យាបាលជំងឺ ដែលមានតម្លៃសមស្រប ហើយថៃក៏មានមន្ទីរពេទ្យជាច្រើនដែលជាប់នឹងព្រំដែនប្រទេសកម្ពុជាផងដែរ ហើយសម្ដេចបានផ្ដល់អនុសាសន៍ថាគួរតែបង្កើនការតភ្ជាប់បន្ថែមទៀត។

សម្ដេចតេជោ ពិតជារីករាយដោយដឹងថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង ហើយកសិករកម្ពុជានៅជាប់តាមបណ្ដាព្រំដែន មានឱកាសលក់កសិផលទៅឱ្យប្រទេសថៃផងដែរ។ សម្ដេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលថៃដែលបានបង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ពលករដែលបម្រើការងារនៅប្រទេសថៃ ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ពលករទាំងនោះមិនត្រឹមតែទទួលបានប្រាក់បៀវត្សក្នុងនោះទេ ប៉ុន្តែពួកគេថែមទទួលបាននូវបច្ចេកទេស និងជំនាញ ដែលអាចយកមកបំពេញការងារពេលត្រលប់មកកម្ពុជាវិញផងដែរ។ សម្ដេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលថៃដែលបានយកចិត្តទុកដាក់លើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ហើយនិងបានថ្លែងអំណរគុណដល់ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រី សិរិនថន ក្នុងការស្ថាបនាវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនៅខេត្តកំពង់ធំ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក៏ដូចជាអាហារូបករណ៍ប្រចាំឆ្នាំរបស់ព្រះអង្គ ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សជាច្រើននៅកម្ពុជា។ សម្តេចតេជោ ​បានអរគុណដល់កីឡាករប្រដាល់ថៃដែលបានមកចូលរួមប្រកួតកីឡាជាបន្តបន្ទាប់នៅប្រទេសកម្ពុជា ហើយសម្តេចតេជោក៏បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនា​ដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។ ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សម្ដេចតេជោ បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើរូបមន្ត Visa 2 + X គឺចាប់ផ្ដើមពីកម្ពុជា និងថៃ បូកនិងប្រទេសផ្សេងទៀត។ តាមរយៈរូបមន្តនេះ ការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា និង/ឬប្រទេសថៃបាន។ សម្ដេច បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។ សម្ដេច បានបន្តថា ក្រៅពីវិស័យសេដ្ឋកិច្ច ប្រទេសយើងទាំងពីរត្រូវរួមគ្នារួមចំណែកក្នុងការថែរក្សាវប្បធម៌ ហើយយើងក៏មានវេទិកាជាច្រើនទៀតដូចជា ACMECS, Mekong, អាស៊ាន និង RCEP ជាដើម ដែលយើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត។ សម្ដេច ក៏បានផ្ដាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរាជទូតថៃ នូវការសួរសុខទុក្ខដល់លោកជំទាវនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃផងដែរ។

ជាចុងក្រោយសម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានជូនពរឯកឧត្តមឯកអគ្គរាជទូតថៃ ដែលចប់អាណត្តិបេសកកម្មនៅកម្ពុជា សូមទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.