លោក Zhou Minhao អគ្គនាយក នៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ (Council for the Promotion of International Trade Shanghai – CPIT Shanghai) បានបញ្ជាក់ជូនឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីគោលបំណងពិនិត្យលទ្ធភាពក្នុងការចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ព្រមទាំងកិច្ចការពាណិជ្ជកម្ម និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា។

ការលើកឡើងរបស់អគ្គនាយកនៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី។

ក្នុងជំនួបនោះគណៈប្រតិភូ CPIT Shanghai ក៏បានលើកឡើងអំពីគោលបំណងក្នុងការជួយផ្សព្វផ្សាយនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការគ្រប់គ្រងគម្រោងវិនិយោគ និងបានបង្ហាញឆន្ទៈក្នុងការសហការរៀបចំសិក្ខាសាលា វេទិកាធុរកិច្ច ឬការផ្គូរផ្គងវិស័យឯកជនរវាងកម្ពុជា-សៀងហៃ នៅក្នុងទីក្រុងសៀងហៃ ដើម្បីជាការគាំទ្រដល់កាងារវិនិយោគរវាងគ្នាផងដែរ៕

ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ដូចជា ការវិនិយោគលើគ្រឿងបង្គុំអេឡិចត្រូនិក វិស័យយានយន្ត វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បង្ហាញនូវការរង់ចាំផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិន ដែលមានបំណងស្វែងយល់អំពីសក្ដានុពលកម្ពុជាមុននឹងឈានដល់ការសម្រេចចិត្តដាក់ទុនវិនិយោគផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.