មេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយក្នុងអំឡុងពេលនៃជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ជែក ស៊ុលលីវេន (Jake Sullivan) ថា ទីក្រុងប៉េកាំងសង្ឃឹមថា ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងសហការគ្នាដើម្បីផលប្រយោជន៍នៃពិភពលោកទាំងមូល ជំនួសឱ្យការប៉ះទង្គិចគ្នាទៅវិញទៅមក។

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា មេដឹកនាំប្រទេសចិនបាននិយាយថា «ចំពេលដែលស្ថានការណ៍អន្តរជាតិមិនស្ថិតស្ថេរ និងជាប់គាំង បណ្តាប្រទេសនានាត្រូវតែរួបរួមគ្នា និងសហការគ្នា ជំនួសឱ្យការចែកបក្សពួក និងប្រឆាំងគ្នាទៅវិញទៅមក»។

លោក ស៊ី ជីនពីង បាននិយាយថា ក្នុងនាមជាមហាអំណាចពីរ ប្រទេសចិន និងសហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ។ យោងតាមមេដឹកនាំចិន បានឱ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិកត្រូវតែក្លាយជាប្រភពស្ថិរភាពនៃសន្តិភាពនៅក្នុងពិភពលោកទាំងមូល និងជាកម្លាំងចលករនៃការអភិវឌ្ឍរួម។

លោក​ ស៊ី ជីនពីង បាននិយាយថា «យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបោះជំហានឆ្ពោះទៅរកយើង ហើយនឹងមើលទៅលើប្រទេសចិន និងការអភិវឌ្ឍរបស់ខ្លួនប្រកបដោយភាពវិជ្ជមាន និងសមហេតុផល»។

លោក​បាននិយាយ​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​ត្រូវ​ចាត់​ទុក​ការ​អភិវឌ្ឍ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ឱកាស មិន​មែន​ជា​បញ្ហា​ប្រឈម​ឡើយ។ កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​មហា​សាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់លោក ស៊ុលលីវេន ទៅ​កាន់​ប្រទេស​ចិន។ នៅពេលមុននេះ លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃប្រទេសចិន លោក ហ្សាង យូសៀ (Zhang Youxia)៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.