រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ី លោក រ៉ូសាន់ រ៉ូសឡានី (Rosan Roeslani) ដែលជាប្រធានក្រុមប្រឹក្សាសម្របសម្រួលការវិនិយោគ (BKPM) បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរី ក្នុងគោលបំណងទាក់ទាញការវិនិយោគបន្ថែមទៀតកាន់តែច្រើនទៅកាន់ប្រទេសនៃប្រជុំកោះមួយនេះ។

នៅក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរហូតដល់ថ្ងៃទី២៨ ខែសីហា លោកជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrence Wong) ដើម្បីពិនិត្យមើលការកើនឡើងនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដែលរួមមានវិស័យធនធានធម្មជាតិថាមពលស្អាត និងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាអាទិភាពរបស់ឥណ្ឌូណេស៊ី។

នៅក្នុងជំនួបជាមួយមន្ត្រីឥណ្ឌូណេស៊ីកាលពីថ្ងៃទី២៦ ខែសីហា រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់សិង្ហបុរី និងរដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម លោក តាន់ សេឡេង (Tan See Leng) បាននិយាយថា វានៅតែមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសនៅក្នុងវិស័យឧស្ម័នធម្មជាតិ និងភស្តុភារ។

លោកបានកត់សម្គាល់ថា ប្រទេសទាំងពីរក៏ត្រូវពិភាក្សាគ្នាបន្ថែមទៀតអំពីបញ្ហាប្រឈមក្នុងការអនុវត្តការចាប់យកកាបូន និងការស្តុកទុក ព្រមទាំងទីផ្សារកាបូនថ្មីនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ។

យោងតាមក្រុមប្រឹក្សា BKPM បានឱ្យដឹងថា ការវិនិយោគរបស់សិង្ហបុរីនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៤,៦ប៊ីលានដុល្លារអាម៉េរិកនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤។ ចាប់ពីឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៤ តួលេខនេះឡើងដល់ចំនួន ៦៣,១៧ប៊ីលានដុល្លារអាម៉េរិក ឬ ២៩,៨% នៃការវិនិយោគបរទេសសរុបនៅក្នុងប្រទេសឥណ្ឌូណេស៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.