រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់ គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

តាមរយៈសារាចរ ស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ត្រូវបានរៀបចំស្របតាម គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាព របស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្ស វ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងគោលបំណងយកចិត្តទុកដាក់ខ្ពស់ ចំពោះមនុស្សវ័យចាស់កម្ពុជា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ តាមរយៈ អនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការកែសម្រួល អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដើម្បីអនុវត្តនូវតួនាទីនិងភារកិច្ចដែល មានជាអាទិ៍ ការរៀបចំគោលនយោបាយដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ការរៀបចំ ទិវាមនុស្សចាស់នៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយទិវាមនុស្សចាស់អន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់ គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ំ ពូ មីង ដែលបានកសាងនិង បន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.