សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានលើកឡើងថា “មូលនិធិសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន” បង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។

សម្តេចតេជោ លើកឡើងថា តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើងពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះទៅឲ្យវៀតណាមតើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។

សម្តេចតេជោបន្តថា ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។ សូមជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តីនិងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.