តបតាមការអញ្ជើញរបស់ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំនេះ នឹងធ្វើការតាមដាន និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង ដែលបានឯកភាពក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហ ប្រតិបត្តិការទ្វេភាគី កាលពីឆ្នាំ២០២១ និងដាក់ចេញផែនការសកម្មភាពថ្មី ដើម្បីបន្តពង្រឹងទំនាក់ ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីទាំងពីរ ក៏នឹងពិភាក្សាអំពីការវិវត្តក្នុងតំបន់ និងបញ្ហាអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម ផងដែរ។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr., ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង អញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំឡើងដោយ លោកជំទាវ ( Sara Duterte អនុប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន៕ដោយ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.