លោក Yuri Ushakov ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយថា នៅក្នុងពេលនេះទីក្រុងម៉ូស្គូមិនទាន់ត្រៀមខ្លួននៅឡើយទេដើម្បីបើកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ដោយសារការវាយប្រហាររបស់ទីក្រុងគៀវ ទៅលើតំបន់ឃើសរបស់រុស្ស៊ី ប៉ុន្តែរុស្ស៊ីមិនបានបោះបង់សំណើសន្តិភាពកាលពីមុននោះទេ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Ushakov បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា “នៅក្នុងពេលនេះ ដោយគិតដល់ហានិភ័យក្នុងតំបន់ឃើស យើងនឹងមិនពិភាក្សានោះទេ”។

ការលុកលុយរបស់អ៊ុយក្រែន ដែលជាការលុកលុយដ៏ធំបំផុតចូលទៅក្នុងប្រទេសរុស្ស៊ីដោយមហាអំណាចបរទេស នៅពេលដែលទាហានអ៊ុយក្រែនរាប់ពាន់នាក់ បានឆ្លងកាត់ព្រំដែនភាគខាងលិចរបស់រុស្ស៊ី ដោយហេតុការណ៍នេះបានផ្ដល់ភាពអាម៉ាស់យ៉ាងខ្លាំងដល់យោធារុស្ស៊ី។

គួរបញ្ជាក់ថា នៅពេលដែលត្រូវបានសាកសួរថា តើសំណើសម្រាប់កិច្ចចរចាសន្តិភាពដែលដាក់ចេញដោយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីកាលពីខែមិថុនា នៅពេលនេះលែងស្ថិតនៅក្នុងការពិភាក្សាទៀតហើយ ឬមែនទេ? លោក Ushakov បានឆ្លើយថា “សំណើនោះគឺនៅដដែល ដោយសំណើនោះមិនត្រូវបានលុបចោលទេ ប៉ុន្តែក្នុងពេលនេះវាជាពេលវេលាមិនសមរម្យទាល់តែសោះ ក្នុងការចូលទៅក្នុងដំណើរការចរចា ទោះប្រភេទណាក៏ដោយ”៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.