សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតី ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅវិមានសន្តិភាព រាជធានីភ្នំពេញ បន្ទាប់ពីវត្ថុបុរាណទាំងនោះបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់រយៈពេលជាច្រើនឆ្នាំ ដែលបង្កឡើងដោយសង្គ្រាម អំពើចោរកម្ម និងការជួញដូរខុសច្បាប់ទៅក្រៅប្រទេស។

ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។

ទន្ទឹមនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្តែងនូវការកោតសរសើរជាពិសេសដល់លោក Bradley J. Gordon និង លោក Steve Andrew Heimberg ជាទីប្រឹក្សាផ្នែកច្បាប់ ចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមការងារកម្ពុជា ដើម្បីទាមទារយកមរតកវប្បធម៌ដែលបានបាត់បង់ត្រឡប់មកវិញ។

សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។

ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការជួញដូរខុសច្បាប់។

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.