ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី«ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ» នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព សរុបអ្នកចូលរួមប្រមាណ ៣៥០នាក់។

ក្រោយពីស្តាប់របាយការណ៍បូកសរុបសិក្ខាសាលាពិគ្រោះយោបល់ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លងមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ចក្ខុវិស័យ និងគំនិតផ្តួចផ្តើមដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបានតម្រង់ទិសការដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ ឆ្ពោះទៅកាន់ការ គ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម និងការកែទម្រង់ស្ថាប័នសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ការគ្រប់គ្រងមុខងារសាធារណៈផ្អែកលើសមិទ្ធកម្ម នឹងជួយគាំទ្រដោយផ្ទាល់ ដល់ការពង្រឹងសមត្ថភាពស្ថាប័ន ការបង្កើនផលិតភាពការងារ និងការពង្រឹងប្រសិទ្ធភាពក្នុង ការគ្រប់គ្រងធនធានមនុស្សនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការដ្ឋានកំណែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល។ កិច្ចការនេះ បាន និងកំពុងដើរស្របគ្នានឹងនិន្នាការពិភពលោកក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ បែបបុរាណ ឬហៅថាប្រព័ន្ធអាជីព ឆ្ពោះទៅប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ បែបនិយោជន៍ ដែលមានលក្ខណៈ ដូចគ្នានឹងទៅការអនុវត្ត ក្នុងប្រទេសជឿនលឿនដទៃទៀតលើសកលលោក (ឧទាហរណ៍ ដូចជាប្រទេសបារាំង ជាដើម)។”

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បានគូសបញ្ជាក់ដល់អង្គសិក្ខាសាលាទាំងមូលផងដែរថា លិខិត បទដ្ឋានគតិយុត្តដែលយើងទាំងអស់គ្នា កំពុងពិគ្រោះយោបល់តាក់តែងរៀបចំនេះ គឺ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំដោយផ្ទាល់ដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរូបខ្ញុំឱ្យរៀបចំធ្វើការ ជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសសុខាភិបាលផ្អែកលើ «កិច្ចព្រមព្រៀងការងារ» សម្រាប់ បម្រើការងារនៅតាមអង្គភាពសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាម ភូមិឃុំនៅទូទាំងប្រទេស ដើម្បីធានាការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។

សិក្ខាសាលានេះទទួលបានលទ្ធផលជាផ្លែផ្កាតាមរយៈការធ្វើបទបង្ហាញ និងវេទិកាសំណួរ-ចម្លើយ ព្រមទាំងវេទិកាពិភាក្សានានា រួមទាំងការសម្រេចបានការនូវការតាក់តែងព្រះរាជក្រឹត្យ និងនិយាមនីតិវិធីប្រតិបត្តិផ្សេងៗ ឆ្ពោះទៅកាន់ការអនុវត្តន៍ក្នុងពេលឆាប់ៗនេះ។ ក្រោយពីទទួលបានធាតុចូល និងការបូកសរុប ការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ នឹងរៀបចំជាព្រះរាជក្រឹត្យស្តីពី គោលការណ៍រួមក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ រួមជាមួយ និយាមនីតិវិធីប្រតិបត្តិស្តីពីការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលត្រូវដាក់ឱ្យអនុវត្តគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ចាប់ផ្តើមជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ មុនគេនៅចុងឆ្នាំ ២០២៤នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.