ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤នេះ។

ជំនួបនាឱកាសនេះ បានធ្វើឡើងក្នុងគោលបំណងបញ្ជាក់បន្ថែមឱ្យរឹតតែច្បាស់ ជូនទៅគណៈប្រតិភូដែលមានវត្តមាននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការសម្របសម្រួលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយលើការវិនិយោគឯកជន របស់រាជរដ្ឋាភិបាល។

គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន បានគោរពស្ញើចសរសើរចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

គណៈប្រតិភូក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងថាមពល ខណៈពេលដែលកម្ពុជាក៏បានបង្ហាញឱ្យឃើញអំពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍វិនិយោគិនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.