ព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានអនុម័តទៅលើលោកស្រី ពែថុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ នាថ្ងៃទី១៨ ខែសីហា ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីការបោះឆ្នោតគាំទ្រលោកស្រីដោយសភាតំណាងរាស្រ្តថៃ។

ការអនុម័តរបស់ព្រះមហាក្សត្រនេះ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្តថៃ លោក អាផាត ស៊ូខាណាន់ (Apat Sukhanand) នៅក្នុងពិធីមួយនៅក្នុងទីក្រុងបាងកក ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតគណៈរដ្ឋមន្ត្រីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

កាសែតបាងកកប៉ុស្តិ៍ បានឱ្យដឹងថា នៅក្នុងពិធីនោះ ស្ត្រីវ័យ ៣៧ឆ្នាំរូបនេះបានលុតជង្គង់ថ្វាយបង្គំព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ មុនពេលថ្លែងសុន្ទរកថាដ៏ខ្លីមួយដោយថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងតំណាងប្រជាជនដែលបានគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រីថ្មី។

លោកស្រីបានសន្យាថា នឹងបំពេញកាតព្វកិច្ចឱ្យអស់ពីសមត្ថភាព បង្ហាញភក្តីភាពចំពោះស្ថាប័នព្រះមហាក្សត្រ និងធ្វើសកម្មភាពដោយស្មោះត្រង់ដើម្បីផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។ នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃរូបនេះ បាននិយាយថា ក្នុងរយៈពេល ៣ឆ្នាំដែលនៅសល់នៃអាណត្តិសភា លោកស្រីក្នុងនាមអ្នកដឹកនាំនៃស្ថាប័ននីតិប្រតិបត្តិ នឹងសហការជាមួយស្ថាប័ននីតិប្បញ្ញត្តិដោយបើកចិត្តទូលាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

នាយករដ្ឋមន្ត្រីបានប្រកាសដូចដែលត្រូវដកស្រង់ដោយកាសែតបាងកកប៉ុស្តិ៍ថា «ខ្ញុំ ពែថុងតាន ស៊ីណាវ៉ាត្រា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នឹងបំពេញកាតព្វកិច្ចរបស់ខ្ញុំឱ្យអស់ពីសមត្ថភាព និងធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសដែលមានឱកាស និងសុភមង្គលស្មើគ្នាសម្រាប់ប្រជាជនថៃទាំងអស់»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.