ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) អោយបន្តការវិនិយោគបន្ថែមទៀតលើវិស័យ គ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួល អាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា និងបានជំរុញឱ្យ បង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែង ដើម្បីឈានទៅកាត់បន្ថយបានជា អតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើន ជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។

យោងតាមប្រភពក្រសួងធនធានទឹក និងឧតុនិយមបានដឹងថា នៅក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្រ្តី បានលើកអំពីការរួមចំណែកយ៉ាងធំធេង ប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការ អភិវឌ្ឍនិងការរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ច សហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី ។

សំណើរនេះបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាស៊ីដឹកនាំដោយលោកជំទាវ Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេស កម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។

នៅក្នុងឱកាសនោះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក និងបញ្ជាក់ពី ការពង្រីកបន្ថែមទុនវិនិយោគរយៈពេលពីរឆ្នាំទៀតរបស់ ធនាគារADB លើគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) ដើម្បីឱ្យក្រសួងធនធានទឹក និងឧតុនិយមធ្វើទំនើបកម្មវិស្វកម្មលើ ប្រព័ន្ធធារាសាស្ត្រ និងពង្រីកលើសមត្ថភាពក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក។

សូមបញ្ជាក់ថា ក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ អាស៊ី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គម្រោងកែលម្អ វិស័យធារាសាស្ត្រកសិកម្ម ដែលគ្រោងបញ្ចប់ប្រតិបត្តិការ ក្នុងឆ្នាំ២០២៥ នឹងត្រូវបន្តរយៈពេលអនុវត្ត ២ឆ្នាំបន្ថែមទៀត ដើម្បី ឱ្យក្រសួងធនធានទឹក និងឧតុនិយមបង្កើនការធ្វើទំនើបកម្មវិស្វកម្ម លើប្រព័ន្ធធារាសាស្រ្តក្នុងខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តកំពង់ធំ និងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ប្រកបដោយស័ក្តិសិទ្ធិភាពនៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យ ធនធានទឹក៕ ដោយ កន ចំណាន MoINFO APP

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.