អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានតាមដានករណី ការអូសទាញប្រមូលប្រជាជនក្នុងស្រុក ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយយកចិត្តទុកដាក់ និងចុងក្រោយនេះ សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាក្តាប់បានយ៉ាងច្បាស់លាស់នូវភស្តុតាង ដែលបង្ហាញថា ផែនការអូសទាញនេះ ពុំមែនធ្វើឡើងដើម្បីជាការសម្ដែងមតិតាមច្បាប់នោះទេ ប៉ុន្តគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាល បំផុសបំផុល និងការប្រើឧបាយកលនយោបាយ បោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើ បាតុកម្មបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា សកម្មភាពជុំវិញផែនការនេះគឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ នាថ្ងៃទី១៣ ខែសីហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពីទិដ្ឋភាពច្បាប់ចំនួន៣ចំណុច ដែលត្រូវអនុវត្តចំពោះករណីផែនការបដិវត្តន៍ពណ៌ខាងលើ ជាពិសេសចំពោះមេខ្លោងដឹកនាំ អនុវត្តផែនការនេះ ដូចខាងក្រោម៖

ទី១- ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដើម្បីដណ្ដើមអំណាច តាមមធ្យោបាយក្រៅពីការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវ ដាក់ពន្ធនាគារអស់មួយជីវិត។

ទី២- ចំពោះរាល់បុគ្គលទាំងឡាយ ដែលចូលរួមនៅក្នុងគម្រោងនេះ ត្រូវជាប់ទោសពី “បទល្មើសរួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួមក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការឈានទៅ បង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឱ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិ មាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ទី៣- ផែនការនៃការប្រឆាំងនឹងសន្តិសុខជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចខុសផងដែរ ទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម និង បទប្បញ្ញត្តិជាធរមាន អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត និងតឹងរ៉ឹងបំផុតចំពោះ ឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពសង្គម និង វិបុលភាពរបស់ប្រទេសជាតិ ដោយដាច់ខាតមិនត្រូវអនុញ្ញាតឱ្យកម្លាំងនៃក្រុមនយោបាយជ្រុលនិយមណាមួយ មកបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាឡើយ។

សូមបញ្ជាក់ជូនថា កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យលើខេត្តឥសាន្តទាំង ៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ក្រុមប្រឆាំង ក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុង ស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម៕​ ដោយ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.