ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជាបានរៀបចំសកម្មភាពជាច្រើនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ហើយក្នុងកិច្ចការប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មាន ព្រះរាជាណាចក្រកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនរួមមានការផ្សព្វផ្សាយព័ត៌មាន, ការផលិតបទយកការណ៍ និងការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។

ការបញ្ជាក់នេះបានធ្វើឡើង ខណៈឯកឧត្តមរដ្ឋមន្ត្រី កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ក្នុងព្រឹត្តិការណ៍សប្តាហ៍អាស៊ាន-ចិន, ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនអាស៊ានចិនដែលផ្តោតលើវប្បធម៌ ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ និងបានធ្វើទស្សនកិច្ចនៅថ្ងៃទី១៣សីហានេះ ក្នុងក្រុមហ៊ុនចិនចំនួន២ ក្នុងកិច្ចការលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានជុំវិញការងារវិនិយោគ។

សូមរំលឹកថា ក្រសួងព័ត៌មានកម្ពុជា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានសហការគ្នារៀបចំវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានពិភាក្សាគ្នាស៊ីជម្រៅជាមួយភាគីចិនអំពីស្ថានភាពបច្ចុប្បន្ន និងទៅអនាគត លើការផ្លាស់ប្ដូរបទពិសោធន៍ និងបញ្ហាប្រឈមនានា ក្នុងគោលបំណងស្វែងរកកាលានុវត្តភាព និងគោលគំនិតថ្មី នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិននេះ នឹងបន្តបង្កើនកម្រិតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឆ្ពោះទៅអនាគត ប្រកៀកស្មាគ្នាបង្កើតសហគមន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ដើម្បីចូលរួមជាកម្លាំងថ្មី និងកាន់តែច្រើនបន្ថែមទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ទន្ទឹមនេះ កិច្ចសហការនេះបានឈានទៅបង្កើតជាយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដើម្បីចូលរួមថែរក្សាបាន នូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។

យុទ្ធនាការនេះធ្វើឡើងនៅអំឡុងពេល នៃជំនួបជាមួយថ្នាក់ដឹកនាំរវាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជានិងប្រធានផ្នែកឃោសនាការ នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.