រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសអ៊ីរ៉ង់ លោក អាលី បាហ្គេរី កានី (Ali Bagheri Kani) ថា រដ្ឋាភិបាលទីក្រុងប៉េកាំងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងតេអេរ៉ង់ក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់។

លោក វ៉ាង បាននិយាយដោយត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនថា «ប្រទេសចិនគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួនស្របតាមច្បាប់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយភាគីអ៊ីរ៉ង់»។

រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើឃាតមេដឹកនាំនយោបាយនៃចលនាប៉ាឡេស្ទីន លោក អ៊ីស្មែល ហានីយេហ៍ (Ismail Haniyeh) ហើយជឿជាក់ថា ទង្វើនេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបទដ្ឋានសំខាន់ៗនៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាអធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់អ៊ីរ៉ង់ ដែលបំផ្លាញដោយផ្ទាល់ដល់ដំណើរការនៃកិច្ចចរចាស្តីពីបទឈប់បាញ់គ្នានៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប និង​ផលប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។

កាលពីថ្ងៃទី៣១ ខែកក្កដា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើអគារលំនៅដ្ឋានមួយកន្លែងនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរុត របស់ប្រទេសលីបង់ ដោយបានសម្លាប់មេបញ្ជាការរបស់ក្រុមហេសបូឡា លោក ហ្វូអាដ ស្ស៊ុក (Fuad Shukr) រួមជាមួយនឹងជនស៊ីវិលយ៉ាងតិចបួននាក់។ ទន្ទឹមនឹងនេះដែរ លោក ហានីយេហ៍ ត្រូវបានគេធ្វើឃាតនៅក្នុងគេហដ្ឋានរបស់លោកក្នុងទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធសប្តាហ៍មុន។ ក្រុមចលនាប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលថាបានសម្លាប់លោក ហានីយេហ៍ ហើយបានប្តេជ្ញាសងសឹកវិញ។

សារព័ត៌មាន NBC News បានរាយការណ៍ដោយដកស្រង់សម្តីរបស់មន្ត្រីអ៊ីស្រាអែលដែលមិនបញ្ចេញឈ្មោះថា រដ្ឋជ្វីហ្វកំពុងរៀបចំសម្រាប់ការវាយប្រហារដ៏យូរអង្វែងមួយរបស់ក្រុមហាម៉ាស់ និងក្រុមហេសបូឡា ដែលមានបំណងចង់សងសឹកចំពោះការស្លាប់របស់មេដឹកនាំពួកគេ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.