មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានគួសបញ្ចាក់ថា ព្រឹត្តិការណ៍ ដែលប្រមូលផ្ដុំដោយកំពូល រថយន្ត ទំនើបៗ លំដាប់ សេដ្ឋី ដ៏ល្បីល្បាញ នៅលើពិភពលោក ដែលមានឈ្មោះថា GUMBALL 3000 ជាព្រឹត្តិការណ៍ លើកស្ទួយ កាន់តែខ្ពស់ដល់ វិស័យទេសចរណ៍ របស់កម្ពុជា។

នេះជាការបញ្ចាក់របស់ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្តីពីព្រឹត្តិការណ៍ GUMBALL 3000 ដែលជាព្រឹត្តិការណ៍ ជួបជុំកំពូលរថយន្តទំនើបៗ នឹងធ្វើឡើងនៅប្រទេសកម្ពុជា នាពាក់ខែកញ្ញា ខាងមុខ ក្រោមការរៀបចំ របស់ក្រុមហ៊ុនដ៏ល្បីបំផុត នៅកម្ពុជា តាមរយៈក្រុមហ៊ុន ជីបម៉ុង គ្រុប រួមសហការ ជាមួយ នឹងក្រសួងទេសចរណ៍ ។

ឯកឧត្តម គុជ បញ្ញាសាបានបន្តទៀតថា វិស័យទេសចរណ៍ជាចន្ទុលរបស់ជាតិ ដូច្នេះព្រឹត្តិការណ៍ ប្រមូល ផ្ដុំ កំពូល រថយន្ត ទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក ដែលមានឈ្មោះថា GUMBALL 3000នេះ ជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក នេះជា ផលិត ផល ទេសចរណ៍ថ្មីមួយទៀត ដើម្បីផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍។

ជាមួយគ្នា លោកឧកញ៉ា លាង ពៅ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីបម៉ុង គ្រុប បានថ្លែងថា ព្រឹត្តិការណ៍ GUMBALL 3000 ធ្វើឡើងនៅកម្ពុជាឆ្នាំនេះ គឺធ្វើឡើងក្នុងគោលដៅធំៗ ចំនួន ៤ គឺ យុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា, យុទ្ធនាការ សប្បុរសធម៌ រៃ អង្គាស ថវិកា ជួយ ដល់ មន្ទីរ ពេទ្យកុមារនៅសៀមរាប, ទី៣ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និង នៅ ក្នុង ស្រុកបានជួបគ្នា និងកាន់តែពិសេសនោះ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ដោយ ចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌ គឺនៅមុខប្រាសាទអង្គរ។

លោកឧកញ៉ា លាង ពៅ បានបន្តថា ក្រុមហ៊ុន ជីប ម៉ុង បានបន្ថែមសកម្មភាពជាច្រើនទៀតឱ្យសក្ដិសមទៅនឹងព្រឹត្តិការណ៍លំដាប់អន្តរជាតិ Gumball 3000 ដោយរួមបញ្ជូលទាំងការដាក់តាំងបង្ហាញរថយន្ត Supercar ជាច្រើនគ្រឿង របស់ជនមានឥទ្ធិពល កំពូលអ្នកជំនួញ និងកំពូលសិល្បករជាច្រើននៅកម្ពុជា ដើម្បីធ្វើឱ្យអារម្មណ៍បងប្អូនដែលស្រលាញ់ និងចូលចិត្តរថយន្តប្រភេទទាំងនេះ ឱ្យកាន់តែរំភើប ញាប់ញ័រទ្វេរដង។ កាន់តែពិសេសទៀតនោះ ក៏មានការប្រគំតន្ត្រីពីសំណាក់ DJ, តារាចម្រៀងល្បីៗ និងក្រុមតារាចម្រៀងរ៉េបកំពុងពេញនិយម LA CIMA CARTEL ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នាថ្ងៃទី១៥ ខែកញ្ញា ស្នាក់នៅរាជធានីភ្នំពេញ១យប់ និងស្នាក់នៅខេត្តសៀមរាប១យប់ រួចត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកញ្ញា។ ការជ្រើសរើសយកខេត្តសៀមរាបដើម្បីរៀបចំព្រឹត្តិការណ៍នេះ គឺជាចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រនៃតំបន់សៀមរាបអង្គរទៅកាន់ពិភពលោកតាមរយៈការចូលរួមពីបុគ្គលល្បីៗមកពីជុំវិញពិភពលោក។ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះនឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរីហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះនឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរផងដែរ។

ព្រឹត្តិការណ៍ Gumball 3000 នេះមិនមែនជាព្រឹត្តិការណ៍ដែលបង្កើតឡើងក្នុងគោលបំណងបង្អួតរថយន្តទំនើបៗពីសំណាក់អភិជននៅកម្ពុជាទេផ្ទុយទៅវិញវាជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤គឺ៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត” ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.