រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃអាទិត្យបានពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស្តីទីអ៊ីរ៉ង់ លោក អាលី បេហ្គេរី កានី (Ali Bagheri Kani) ដោយផ្តោតលើទំនាក់ទំនងទ្វេភាគី និងស្ថានភាពនៅមជ្ឈិមបូព៌ា។

ដោយ​កត់​សម្គាល់​ថា ប្រទេសអ៊ីរ៉ង់ គឺ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​សំខាន់​ក្នុង​តំបន់ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេសចិន លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិនតែងតែលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់តាមទស្សនៈយុទ្ធសាស្ត្រ និងទស្សនវិស័យ រយៈពេលវែង។

លោកបាននិយាយថា ប្រទេសអ៊ីរ៉ង់ត្រូវបានស្វាគមន៍ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយប្រទេសចិន ក្នុងនាមជាប្រធានវិលជុំនៃអង្គការសហប្រតិបត្តិការសៀងហៃ និងអង្គការអន្តរជាតិ។

លោក បេហ្គេរី កានី បានថ្លែងអំណរគុណចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលបានបញ្ជូនបេសកជនពិសេសមួយរូបទៅចូលរួមក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគៀន (Masoud Pezeshkian) ដោយប្រធានាធិបតីលោក ប៉េហ្សេសគៀន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍទំនាក់ទំនងអ៊ីរ៉ង់-ចិន។

លោក បេហ្គេរី កានី បាននិយាយថា ប្រទេសអ៊ីរ៉ង់មានឆន្ទៈក្នុងការបង្កើនការសម្របសម្រួលជាមួយប្រទេសចិនលើកិច្ចការអន្តរជាតិ និងតំបន់ ហើយផ្តល់នូវអត្ថន័យជាយុទ្ធសាស្ត្របន្ថែមទៀតចំពោះទំនាក់ទំនងទ្វេភាគី៕

ប្រភព៖ ក្រសួងព័ត៌មាន 

Share.

Comments are closed.